លោក វ្ល៉ាឌីមៀ ពូទីន សន្យានឹងសងសឹករាល់ការវាយប្រហារមកលើរុស្ស៊ីទាំងអស់
- BY
- autoadmin
- October 11, 2022
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ក្នុងកិច្ចប្រជុំសន្តិសុខថា មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន បានវាយប្រហារទីតាំងថាមពល យោធា និងទំនាក់ទំនងរបស់ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ។ ការវាយប្រហារនេះគឺជាការសងសឹកចំពោះអ្វីដែលលោកហៅថាជា «ការវាយប្រហារភេរវកម្ម» របស់អ៊ុយក្រែននៅឯស្ពានគ្រីមៀ ខណៈដែលអ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវនោះឡើយ។ លោកបានសន្យាថា នឹងមានការសងសឹកចំពោះការវាយប្រហារបែបនេះបន្ថែមទៀត។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារ «គោលដៅដែលបានកំណត់ទាំងអស់» នៅក្នុងការវាយប្រហារដោយមីស៊ីលដ៏ធំ ហើយគោលដៅត្រូវបានសម្រេច។

មីស៊ីលបានបំផ្ទុះចូលទៅក្នុងផ្លូវប្រសព្វដ៏មមាញឹក ឧទ្យាន និងកន្លែងទេសចរណ៍នៅកណ្តាលរដ្ឋធានីគៀវ ហើយការផ្ទុះត្រូវបានគេរាយការណ៍នៅតំបន់ Lviv, Ternopil និង Zhytomyr នៅភាគខាងលិចអ៊ុយក្រែន, Dnipro និង Kremenchuk នៅកណ្តាលអ៊ុយក្រែន Zaporizhzhia នៅភាគខាងត្បូង និង Kharkiv នៅភាគខាងកើត។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា មនុស្សសរុបចំនួន ១៤ នាក់បានស្លាប់ និង ៩៧ នាក់បានរងរបួស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់រុស្ស៊ីត្រូវបានកំណត់ពេលវេលាដោយចេតនា ដើម្បីសម្លាប់មនុស្ស និងផ្តាច់បណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ១១ ត្រូវបានវាយប្រហារនៅក្នុងតំបន់ចំនួន ៨ ដោយទុកឱ្យតំបន់ជាច្រើននៃប្រទេសនេះមិនមានអគ្គិសនី ទឹក ឬកម្ដៅ ហើយលោកបានសន្យាថា នឹងស្ដារឧបករណ៍ប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






