អន្តរជាតិ

ចំនួនអ្នកបាត់បង់ជីវិតដោយមីស៊ីលរុស្ស៊ីនៅទីក្រុងគៀវ បានកើនឡើងដល់ ១៤ នាក់ ខណៈរបួស ៩៧ នាក់

BY
autoadmin
October 11, 2022

រុស្ស៊ីកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ជុំវិញការវាយប្រហារដ៏ធំរបស់ខ្លួនទៅលើទីក្រុងគៀវ និងផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ មីស៊ីលរបស់រុស្ស៊ីបានវាយប្រហាររដ្ឋធានីគៀវ តំបន់ភាគខាងលិចនៃទីក្រុង Lviv និងកន្លែងផ្សេងទៀត ដោយមានគោលដៅមិនត្រឹមតែកន្លែងថាមពលប៉ុណ្ណោះទេ ថែមទាំងនៅតាមឧទ្យាន និងសារមន្ទីរនៅក្នុងរដ្ឋធានីផងដែរ។ សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបាននិយាយថា មនុស្ស ១៤ នាក់បានស្លាប់ និង ៩៧ នាក់ផ្សេងទៀតបានរងរបួស។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា កងទ័ពរុស្ស៊ីបានដាក់ការវាយប្រហារជាក់លាក់ ពោលគឺនៅក្នុងកំឡុងពេលព្រឹកដែលមានមនុស្សមមាញឹក។ លោកបានហៅវាថាជា «យុទ្ធសាស្ត្រភេរវជន» ដែលមានបំណងញុះញង់ឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជន។ ចំណែកភាគីរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការបំផ្ទុះកាលពីថ្ងៃសៅរ៍ លើស្ពានសំខាន់មួយតភ្ជាប់រុស្ស៊ី និងគ្រីមៀ ដែលខ្លួនបានរិះគន់ថា ជាទង្វើនៃការបំផ្លិចបំផ្លាញដោយអ៊ុយក្រែន។ ជាមួយគ្នានេះ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានបើកសម័យប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយមានគណៈប្រតិភូមកពីប្រទេសប្រហែល ២០ ចូលរួម ហើយភាគច្រើនពួកគេបានថ្កោលទោសរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: