អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់បញ្ចូលទឹកដីអ៊ុយក្រែនរបស់ភាគីរុស្ស៊ី
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១២ ខែតុលា បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការប៉ុនប៉ងបញ្ចូលខុសច្បាប់របស់រុស្ស៊ី» ទៅលើតំបន់ដែលខ្លួនកាន់កាប់ចំនួន ៤ នៅក្នុងដែនដីប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ មិនត្រូវទទួលស្គាល់ទង្វើនោះទេ។ ៣ ភាគ ៤ នៃមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ នាក់ ដែលតំណាងឱ្យប្រទេសចំនួន ១៤៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលបានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន។

ឯកអគ្គរដ្ឋទូត UN របស់អ៊ុយក្រែនលោក Sergiy Kyslytsya បានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតថា លទ្ធផលនេះវាអស្ចារ្យណាស់ ខណៈមានតែប្រទេសចំនួន ៤ប៉ុណ្ណោះ ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងការបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ រួមមានស៊ីរី នីការ៉ាហ្គា កូរ៉េខាងជើង និងបេឡារុស្ស។ ប្រទេសចំនួន ៣៥ បានដកខ្លួនពីក្នុងការបោះឆ្នោត រួមទាំងប្រទេសជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី គឺប្រទេសចិន ខណៈប្រទេសផ្សេងទៀតមិនបានបោះឆ្នោត។ រំលឹកផងដែរថា ទីក្រុងមូស្គូ កាលពីខែកញ្ញា បានប្រកាសដាក់បញ្ចូលតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia បន្ទាប់ពីបានរៀបចំនូវអ្វីដែលគេហៅថា «ការធ្វើប្រជាមតិ» ប៉ុន្តែអ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានបរិហារការបោះឆ្នោតថាខុសច្បាប់ និងជាការបង្ខិតបង្ខំ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia