អ្នកជំនាញ៖ ឥណ្ឌូនេស៊ីត្រូវតែមានឧបករណ៍ទំនើបព្យាករណ៍ពីគ្រោះធម្មជាតិ បើមិនដូច្នោះទេទុក្ខសោកនឹងកើតមានទៀត
ឥណ្ឌូនេស៊ីជាប្រទេសមួយ ដែលញ៉ាំញីដោយគ្រោះធម្មជាតិជាច្រើន តួយ៉ាងក្នុងឆ្នាំ ២០១៨ នេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង និងរលកស៊ូណាមិជាដើម ដែលបានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ និងបន្សល់ទុកជនរងគ្រោះ និងជនដែលបាត់បង់លំនៅដ្ឋានរាប់ពាន់នាក់ទៀត។ អ្វីដែលជាការកត់សម្គាល់នោះគឺរាល់ពេលមានគ្រោះធម្មជាតិម្តងៗ គ្មានអ្នកណាម្នាក់បានដឹងសញ្ញាមុន និងបានត្រៀមខ្លួនទុកមុនសូម្បីតែបន្តិច។ ជាក់ស្តែងកាលពីពេលថ្មីនេះៗ មុនពេលកើតមានរលកយក្សកម្ពស់រហូតដល់ទៅ ២០ ម៉ែត្រវាយប្រហារ តែគ្មានអ្នកបានដឹងសញ្ញាសូម្បីតែបន្តិច សូម្បីតែអ្នកដែលនៅក្បែរសមុទ្រនោះក៏ដោយ។
សម្រាប់ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហត្តរាយឥណ្ឌូនេស៊ីវិញ បានឲ្យដឹងថា រលកស៊ូណាមិនេះ បានកើតឡើងក្រោយមានការផ្ទុះភ្នំភ្លើង Anak Krakatau។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកជំនាញវិញបានអះអាងក្រោយការសិក្សាថា តាមពិតរលកនេះមិនមែនកើតឡើងដោយសារការផ្ទុះភ្នំភ្លើងតែមួយមុខនោះទេ តែវារលកនេះវាជិតដល់ពេលកើតឡើងស្រាប់រួចទៅហើយ និងគាប់ជួនមានកម្លាំងរញ្ជួយពីការផ្ទុះភ្នំភ្លើងទៀត ក៏រុញឲ្យមានរលកនេះភ្លាមៗតែម្តង។ តាមអនុសាសន៍របស់ក្រុមអ្នកជំនាញបានលើកឡើងថា ឥណ្ឌូនេស៊ីត្រូវតែមានឧបករណ៍ទំនើបមួយ ដើម្បីធ្វើការព្យាការណ៍ពីការកើតមានគ្រោះធម្មជាតិ ហើយបើឧបករណ៍នោះមិនអាចព្យាការណ៍បានជាក់លាក់អំពីម៉ោងពេលនៃការកើតមានគ្រោះថ្នាក់ យ៉ាងហោចណាស់ក៏វាអាចប្រាប់បានពីលទ្ធិភាពនៃការកើតមានគ្រោះថ្នាក់ក្នុងអំឡុងពេលណាមួយដែរ ដើម្បីឲ្យប្រជាពលបានត្រៀមខ្លួនបានខ្លះ។
ក្រុមអ្នកជំនាញបានបន្តថា ប្រសិនបើឥណ្ឌូនេស៊ីព្យាយាមអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ដោយប្រើប្រាស់ថវិកាច្រើននោះ ឥណ្ឌូនេស៊ីអាចនឹងបង្កើតបានឧបការណ៍ដូចបានរៀបរាប់ខាងលើនេះ។ សូមបញ្ជាក់ថា បើតាមផែនទីពិភពលោក ឥណ្ឌូនេស៊ីស្ថិតនៅក្នុងតំបន់ក្រហម ដែលជាតំបន់ងាយរងគ្រោះដោយគ្រោះធម្មជាតិ ហើយប្រសិនបើ ប្រទេសនេះគ្មានឧបករណ៍ព្យាករណ៍ពីគ្រោះធម្មជាតិទេនោះ ឥណ្ឌូនេស៊ីនឹងបន្តរងគ្រោះធ្ងន់ធ្ងរដោយគ្រោះធម្មជាតិជាច្រើនឆ្នាំទៅមុខទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ CGTN