អន្តរជាតិ

ឥណ្ឌូនេស៊ីនឹងវាយកម្ទេច ហើយសាងសង់កីឡដ្ឋាន Kanjuruhan ឱ្យស្របតាមស្ដង់ដារ FIFA ក្រោយកើតមានឧបទ្ទវហេតុរត់ជាន់​គ្នា​ឆក់យកជីវិតមនុស្សជាង ១៣០នាក់

BY
autoadmin
October 20, 2022

លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីនឹងវាយកម្ទេច ហើយសាងសង់កីឡដ្ឋាន Kanjuruhan ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ រំលឹកដែរថា ឧបទ្ទវហេតុរត់ជាន់គ្នាដ៏សាហាវមួយ បានកើតឡើងនៅក្នុងកីឡដ្ឋាន Kanjuruhan នៅក្នុងការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya កាលពីថ្ងៃទី០១ ខែតុលា នៅពេលដែលហ្វូងអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទៅក្នុងទីលាន ហើយប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដែលខុសពីច្បាប់របស់ FIFA។ ឧបទ្ទវហេតុនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនជាង ១៣០ នាក់ ខណៈជិត ៤០ នាក់ ក្នុងចំណោមពួកគេ គឺជាក្មេងជំទង់នៅឡើយ។

លោក Jokowi បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋ បន្ទាប់ពីបានជួបជាមួយលោក Gianni Infantino ដែលប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA។ លោកបាននិយាយថា៖«កីឡដ្ឋាន Kanjuruhan នៅទីក្រុង Malaang … យើងនឹងកម្ទេចវា ហើយសាងសង់ឡើងវិញតាមស្តង់ដាររបស់ FIFA»។ លោកថា លោកបានយល់ព្រមជាមួយលោក Infantino លើការផ្លាស់ប្តូរដ៏សំខាន់ចំពោះរបៀបគ្រប់គ្រងកីឡានេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក​បាន​និយាយ​ថា​៖«​យើង​​យល់​ព្រម​ក្នុង​ការ​ផ្លាស់​ប្តូរ​បាល់ទាត់​ឥណ្ឌូនេស៊ី​យ៉ាង​ហ្មត់ចត់។ គ្រប់ទិដ្ឋភាពនៃការរៀបចំ… ត្រូវតែផ្អែកលើស្តង់ដាររបស់ FIFA»។ លោកថា លោកនៅជំពាក់សុវត្ថិភាព និងភាពទុកចិត្តជូនដល់ពលរដ្ឋ ស្របពេលដែលពលរដ្ឋរបស់លោកមិនក្រោម ១០០ លាននាក់នោះទេ ដែលស្រឡាញ់កីឡាមួយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: