វៀតណាមនឹងបើកដំណើរការរថភ្លើងលើអាកាសប្រវែង ១៣គីឡូម៉ែត្រ ក្នុងដើម ឆ្នាំ២០១៩
រៀតណាម៖ រថភ្លើងលើអាកាសពីស្រុក Cat Linh ទៅស្រុក Ha Dong ប្រវែង ១៣គីឡូម៉ែត្រ ត្រូវបានគេរំពឹងថា នឹងបើកប្រតិបត្តិការពាណិជ្ជកម្ម នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩។ រថភ្លើងលើអាកាសនេះមានរថភ្លើងទាំងអស់ចំនួន ១៣គ្រឿង នឹងកំពុងត្រូវបានសាកល្បងជារៀងរាល់ថ្ងៃ ពីស្ថានីយ៍ Cat Linh នៅស្រុក Dong Da ទៅស្ថានីយ៍ Yen Nghia នៅភាគនិរតីស្រុក Ha Dong ។ រថភ្លើងនីមួយៗមានទូ ៤ និងមានសមត្ថភាពផ្ទុកសរុបចំនួន ១,០០០នាក់។ បច្ចុប្បន្ននេះរថភ្លើងរត់ក្នុងល្បឿនពី ៣០ ទៅ ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ទោះបីជាវាត្រូវបានគេរចនាឡើងដើម្បីឈានដល់ល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ (ដោយសារតែវាគឺជាការបើកសាកល្បង) ។ គួរឱ្យដឹងផងដែរថា គម្រោងសាងសង់នេះបានរួចរាល់ ៩៦ភាគរយហើយ។
ការសាងសង់រថភ្លើងលើអាកាស Cat Linh – Ha Dong បានចាប់ផ្តើមតាំងពី ខែតុលា ឆ្នាំ ២០១១ ហើយគ្រោងនឹងបញ្ចប់ក្នុង ឆ្នាំ២០១៣ ប៉ុន្តែឧបសគ្គជាច្រើនរួមទាំងបញ្ហាប្រាក់កម្ចីជាមួយប្រទេសចិន ដែលទើបតែត្រូវបានដោះស្រាយកាលពីខែធ្នូឆ្នាំមុន បានផ្អាកគម្រោងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការប៉ាន់ស្មានតម្លៃដើមនៃគម្រោងនេះគឺ ៥៥២.៨៦លានដុល្លារ តែក្រោយមកក៏កើនឡើងដល់ជាង ៨៦៨លានដុល្លារ រួមទាំងប្រាក់កម្ចី ៦៧០លានដុល្លារពីចិន៕








អត្ថបទ៖ លីដា
ប្រភព៖ retailnews