បាត់បង់ជីវិតមនុស្ស ១៥នាក់ និងរបួស ១៩នាក់ នៅក្នុងការវាយប្រហារលើទីសក្ការបូជាមួយក្នុងប្រទេសអ៊ីរ៉ង់
អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៥ នាក់ បានស្លាប់ បូករួមទាំងកុមារចំនួន ២ នាក់ ខណៈមនុស្សចំនួន ១៩ នាក់ បានរងរបួស នៅក្នុងការវាយប្រហារលើទីសក្ការបូជាមួយកន្លែង របស់ជនជាតិមូស្លីមនិកាយស៊ីយ៉ា (Shia) ក្នុងទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រភពបាននិយាយថា ភេរវករប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើមនុស្សនៅខាងក្នុងទីសក្ការបូជា Shah Cheragh កាលពីថ្ងៃពុធ នៅពេលដែលមនុស្សយ៉ាងច្រើនកុះករកំពុងស្ថិតនៅបរិវេណនោះ។

លោកប្រធានាធិបតី Ebrahim Raisi បានចេញសេចក្តីថ្លែងការណ៍មួយ និងសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោកបានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា លោកនឹងស្វែងរកចម្លើយចំពោះការវាយប្រហារនេះ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បាននិយាយថា ក្រុមសកម្មប្រយុទ្ធ ISIS គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ វាបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងប្រឆាំងនឹងពួកអ្នកបះបោរ ឬអ្នកកាន់សាសនាអ៊ិស្លាមនិកាយនិកាយស៊ីយ៉ារបស់អ៊ីរ៉ង់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ