អន្តរជាតិ

បុរសម្នាក់ត្រូវចាប់ខ្លួនពីបទប៉ុនប៉ងចាប់ពង្រត់ប្រធានសភាអាមេរិក Nancy Pelosi និងវាយដំលើប្ដីរបស់លោកស្រីដល់ក្នុងផ្ទះ

BY
autoadmin
November 1, 2022

បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងចាប់ពង្រត់អ្នកនយោបាយជាន់ខ្ពស់របស់អាមេរិក គឺលោកស្រី Nancy Pelosi និងធ្វើការវាយដំទៅលើប្ដីរបស់លោកស្រីដល់ក្នុងផ្ទះ។ បុរសសង្ស័យមានអាយុ ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលួចចូលផ្ទះរបស់ប្ដីប្រពន្ធទាំងពីរនៅ San Francisco កាលពីព្រឹកថ្ងៃសុក្រ និងបានវាយដំទៅលើប្ដីរបស់លោកស្រីប្រធាន​សភា គឺលោក Paul Pelosi ដែលមានអាយុ ៨២ឆ្នាំ ដោយញញួរ។ ប្រភពបាននិយាយថា បុរសសង្ស័យបានតាមរកលោកស្រីប្រធានសភា និងបានស្រែកថា «តើ Nancy នៅឯណា?» ខណៈកំឡុងពេលចូលអុកឡុងផ្ទះរបស់លោកស្រី។

ប៉ុន្តែ​លោកស្រី Pelosi ដែលមានវ័យ ៨២ឆ្នាំ និងមាន​ឋានៈ​ទី​ពីរ​ក្នុង​ជួរ​ប្រធានាធិបតី​ គឺ​កំពុងនៅ​ម្ខាង​ទៀត​នៃ​ប្រទេស​នៅកំឡុងពេល​នោះ។ យ៉ាងណា មូលហេតុ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត ប៉ុន្តែ​ប៉ូលិស​និយាយ​ថា វា​មិន​មែន​ជា​អំពើ​ចៃដន្យ​នោះទេ។ ឥឡូវនេះក្រសួងយុត្តិធម៌បានចោទប្រកាន់ជនសង្ស័យ ដែលមានឈ្មោះ David DePape ពីបទរំលោភច្បាប់សហព័ន្ធចំនួន ២ករណី កាលពីថ្ងៃចន្ទ ដោយរាប់បញ្ចូលទាំងការវាយដំសមាជិកគ្រួសាររបស់មន្ត្រីសហរដ្ឋអាមេរិក ដែលអាចមានទោសអតិបរមា ៣០ឆ្នាំ និងការ​ប៉ុនប៉ង​ចាប់​ពង្រត់​លោកស្រី Pelosi ដែល​ត្រូវ​ពិន័យ​ជា​អតិបរមា ២០ឆ្នាំ។

លោកស្រី Pelosi កំពុងនៅទីក្រុង Washington DC ប៉ុន្តែបានជិះយន្តហោះត្រឡប់ទៅជួបប្តីរបស់គាត់នៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលគាត់បានទទួលការវះកាត់ដោយជោគជ័យ សម្រាប់ការបាក់ឆ្អឹងលលាដ៍ក្បាល និងរបួសដៃ និងដៃស្តាំរបស់គាត់។ ចំណែកជនសង្ស័យកំពុងឃុំខ្លួននៅពន្ធនាគាររបស់ San Francisco រង់ចាំការកាត់ក្ដីបន្ដ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: