បុរសវៀតណាមម្នាក់បានរបួសសរសៃពួរដៃ និងកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទាក់កជាមួយនឹងខ្សែខ្លែងពេលកំពុងជិះម៉ូតូ
- BY
- autoadmin
- November 2, 2022
បុរសអាយុ ២៧ឆ្នាំម្នាក់ បានទាក់កជាមួយនឹងខ្សែខ្លែង ខណៈពេលដែលគាត់កំពុងជិះម៉ូតូនៅជិតស្ពាន Thu Thiem ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរងរបួសដល់សរសៃពួរដៃ និងកធ្ងន់ធ្ងរ។ ជនរងគ្រោះមានឈ្មោះ Nguyen Van Luy កំពុងត្រូវបានតាមដានដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Le Van Thinh ក្នុងក្រុង Thu Duc បន្ទាប់ពីទទួលបានការវះកាត់រួចរាល់។ ក្រុមគ្រួសារអ្នកជំងឺបាននិយាយថា កាលពីថ្ងៃច័ន្ទ នាវេលាម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូទៅជិតស្ពាន Thu Thiem ក្នុងសង្កាត់ Thu Thiem ទីក្រុង Thu Duc ក៏ស្រាប់តែគាត់ដួលទៅនឹងដី បន្ទាប់ពីត្រូវខ្សែខ្លែងទាក់បំពង់ក ខណៈប្រពន្ធរបស់គាត់ដែលជិះម៉ូតូមួយផ្សេងទៀត ក៏បានឈប់ និងជួយគាត់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ អ្នកបង្ហោះខ្លែងមួយចំនួនបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយបានប្រើដែកកេះ និងកាំបិត ដើម្បីជួយកាត់ខ្សែដែលជាប់នឹងករបស់លោក Nguyen Van Luy មុនពេលរត់គេចខ្លួនអស់។ បន្ទាប់មក អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Le Van Thinh ដើម្បីសង្គ្រោះបន្ទាន់។ លោកវេជ្ជបណ្ឌិត Kieu Ngoc Minh នាយករងមន្ទីរពេទ្យ Le Van Thinh មានប្រសាសន៍ថា មន្ទីរពេទ្យបានទទួលអ្នកជំងឺនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃចន្ទ។ គ្រូពេទ្យបាននិយាយថា ខ្សែខ្លែងធ្វើអំបោះ ឬខ្សែដែក ដើម្បីទប់កុំឱ្យដាច់ខ្សែពេលបង្ហោះ ខណៈមនុស្សភាគច្រើនចង់បង្ហោះខ្លែងឱ្យបានខ្ពស់ៗ។ ដូច្នេះ ការជាប់ពាក់ខ្សែខ្លែងដោយអចេតនាជាមួយអ្នកថ្មើរជើង ឬអ្នកដំណើរ អាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរយ៉ាងងាយ៕

អត្ថបទ៖ លីដា
ប្រភព៖ Tuoitre News
- Share This Post:






