ក្រុមហ៊ុន Twitter នឹងចាប់ផ្ដើមផ្ញើអ៊ីមែលទៅកាន់បុគ្គលិកនៅថ្ងៃសុក្រនេះ ថាតើនរណានឹងត្រូវបញ្ឈប់ពីការងាររបស់ពួកគេ
- BY
- autoadmin
- November 4, 2022
Twitter នឹងប្រាប់បុគ្គលិកតាមអ៊ីមែលនៅថ្ងៃសុក្រនេះ ថាតើពួកគេត្រូវបានបញ្ឈប់ពីការងារឬអត់ ខណៈបិទការិយាល័យរបស់ខ្លួនជាបណ្ដោះអាសន្ន និងរារាំងការចូលប្រើប្រាស់បុគ្គលិក បន្ទាប់ពីមានភាពមិនច្បាស់លាស់មួយសប្តាហ៍អំពីអនាគតរបស់ក្រុមហ៊ុន ក្រោមម្ចាស់ថ្មីគឺលោក Elon Musk ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកថា ខ្លួននឹងជូនដំណឹងដល់បុគ្គលិកនៅម៉ោង ៩ព្រឹក នៅថ្ងៃសុក្រ (ម៉ោង 12 ថ្ងៃត្រង់ EDT/1600 GMT) អំពីការកាត់បន្ថយបុគ្គលិកនេះ។

អ៊ីមែលដែលបានផ្ញើកាលពីថ្ងៃព្រហស្បតិ៍ ដែលឃើញដោយ រ៉យទ័រ បាននិយាយថា៖«នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ Twitter នៅលើផ្លូវដែលមានសុខភាពល្អ យើងនឹងឆ្លងកាត់ដំណើរការដ៏លំបាកនៃការកាត់បន្ថយកម្លាំងពលកម្មសកលរបស់យើងនៅថ្ងៃសុក្រនេះ»។ Twitter បាននិយាយថា ការិយាល័យរបស់ខ្លួននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការចូលប្រើប្រាស់ទាំងអស់នឹងត្រូវផ្អាកក្នុងគោលបំណង ដើម្បីជួយធានាសុវត្ថិភាពរបស់បុគ្គលិកម្នាក់ៗ ក៏ដូចជាប្រព័ន្ធ Twitter និងទិន្នន័យអតិថិជន។
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា បុគ្គលិក Twitter ដែលមិនរងផលប៉ះពាល់ដោយការបញ្ឈប់ការងារ នឹងត្រូវបានជូនដំណឹងតាមរយៈអាសយដ្ឋានអ៊ីមែលការងាររបស់ពួកគេ។ បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារនឹងត្រូវបានជូនដំណឹងជាមួយនឹងជំហានបន្ទាប់ ទៅកាន់អាសយដ្ឋានអ៊ីមែលផ្ទាល់ខ្លួនរបស់ពួកគេ។ យ៉ាងណា Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






