កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ៨០គ្រាប់ ចូលទៅក្នុងតំបន់ព្រំដែនសមុទ្រពេញមួយយប់ថ្ងៃព្រហស្បតិ៍
- BY
- autoadmin
- November 4, 2022
កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានបាញ់កាំភ្លើងធំប្រហែល ៨០គ្រាប់ ចូលទៅក្នុងតំបន់ព្រំដែនសមុទ្រពេញមួយយប់ ខណៈរដ្ឋមន្ត្រីការពារជាតិមកពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ រំលឹកផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប៉ុន្តែបរាជ័យ ដែលឱ្យជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបន្តសមយុទ្ធដែនអាកាស Vigilant Storm ដែលវាបានធ្វើឱ្យទីក្រុងព្យុងយ៉ាងកាន់តែខឹងសម្បារ។

ចាប់ផ្តើមភ្លាមៗមុនពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងត្បូងបាននិយាយថា គ្រាប់កាំភ្លើងធំច្រើនជាង ៨០គ្រាប់ ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រដោយកូរ៉េខាងជើង នៅក្នុងអ្វីដែលខ្លួននិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូងក៏បានចេញការព្រមានទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់នេះផងដែរ។
នៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup ក៏បានសន្យាស្វែងរកវិធានការថ្មី ដើម្បីបង្ហាញពី «ការប្តេជ្ញាចិត្ត និងបង្កើនសមត្ថភាព» របស់សម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីការបង្ករឿងរបស់កូរ៉េខាងជើងម្តងហើយម្តងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






