ទីក្រុងមួយនៅប្រទេសជប៉ុន លើកទឹកចិត្តឲ្យប្រជាជនបង្កើតកូនឲ្យបានច្រើន កូនកាន់តែច្រើន ទទួលបានប្រាក់ក៏កាន់តែច្រើនដែរ
ក្រុង Nagi របស់ប្រទេសជប៉ុនជាក្រុងមួយ ដែលមានរឿងរ៉ាវនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋដ៏គួរឲ្យចាប់អារម្មណ៍រហូតដល់សារព័ត៌មាន CNN ចុះទៅធ្វើបទយកការណ៍ពីក្រុងមួយនេះមកចុះផ្សាយទៀតផង។ បើយោងតាមអត្ថបទរបស់ CNN បានឲ្យដឹងថា ក្រុង Nagi ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន មានប្រជាជនសរុប ៦,០០០ នាក់ ជាក្រុងមួយ ដែលមានសេដ្ឋកិច្ចទាំងមូលពឹងផ្អែក លើវិស័យកសិកម្ម និងជាទីក្រុងមួយ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះកំណើនប្រជាជន។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង CNN ប្តីប្រពន្ធពីរនាក់គឺលោក Katsunori និងអ្នកស្រី Kaori Osaka បានឲ្យដឹងថា ពួកគាត់បានមករស់នៅក្នុងក្រុងមួយនេះអស់រយៈពេល ១៤ ឆ្នាំ មកហើយ និងថែមទាំងមានកូន ៤ នាក់ថែមទៀតផង។
ប្តីប្រព្ធទាំងពីរនេះបានបង្ហាញអារម្មណ៍ថា ពួកគេពេញចិត្តនឹងជីវិតរស់នៅទីនេះ បើទោះវាមិនមិនមែនជាក្រុងទំនើប និងជឿនលឿនដ៏ដោយ។ ពួកគេបានឲ្យដឹងបន្ថែមថា នៅទីនេះប្រជាពលរដ្ឋត្រូវរស់នៅក្នុងអាផាតមិនតូចៗ ហើយអ្នកខ្លះមិនអាចយកកូនបានច្រើននោះទេ ព្រោះតែខ្លាចគ្មានកន្លែងសម្រាប់ពួកគេស្នាក់នៅ ខណៈជាទូទៅកូនៗទាំងអស់ត្រូវបន្តរស់នៅជាមួយនឹងគ្រួសាររហូតដល់អាយុជាង ៣០ ឆ្នាំ។ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅទីនេះមានកូនឲ្យបានច្រើននោះ អាជ្ញាធរបានកំណត់ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារ ដែលកូនលើកទីមួយចំនួន ៨៧៩ ដុល្លារ, កូនទី ២ ចំនួន ១,៣៣៥ ដុល្លារ និងកូនបន្ទាប់មកទៀតនឹងទទួលបានប្រាក់ឧបត្ថម្ភ ៣,៥១៨ ដុល្លារ។ ក្រៅពីនេះពួកគេនឹងទទួលបានឧបត្ថម្ភផ្សេងៗសម្រាប់ការរស់នៅ ការសិក្សា ទទួលការសេវាថែទាំវេជ្ជសាស្ត្រដោយមិនគិតថ្លៃ ឬគិតថ្លៃក្នុងតម្លៃពិសេសសម្រាប់សេវាចំនួនជាដើម។ នៅក្នុងក្រុង Nagi ក៏សម្បូរទៅដោយប្រជាជនដែលនៅលីវរហូតដល់អាយុ ៥០ ឆ្នាំ ជាច្រើននាក់ផងដែរ។
បើតាមគម្រោងរបស់រដ្ឋាភិបាល គេនឹងសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ និងការលើកទឹកចិត្តផ្សេងៗបន្ថែមទៀត ដើម្បីជំរុញឲ្យមានប្រជាពលរដ្ឋទៅរស់នៅក្នុងក្រុងមួយនេះឲ្យកាន់តែច្រើននៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ សូមបញ្ជាក់ជូនដែរថា សម្រាប់ប្រទេសជប៉ុនទាំងមូលដែលមានប្រជាជនសរុប ១២៧ លាននាក់នោះ ក៏ប្រទេសមួយនេះហាក់កំពុងតែមានបញ្ហាកំណើន ប្រជានវ័យក្មេងផងដែរ ជាក់ស្តែងជប៉ុនមានអត្រាប្រជាពលរដ្ឋវ័យក្មេងត្រឹមតែ ១២,៣ % ប៉ុណ្ណោះ បើធៀបទៅនឹងអាមេរិកតួលេខនេះមានដល់ ១៨,៩ % ,ចិនមានដល់ ១៦,៨ និងឥណ្ឌាមានដល់ ៣០,៨%។ ជាងនេះទៅទៀតជប៉ុនមានប្រជាជនដែលមានអាយុដល់ ៥០ ឆ្នាំ តែនៅមិនទាន់រៀបការចំនួន ២៣,៣៧ % សម្រាប់មនុស្សប្រុស និង១៤.០៦ សម្រាប់មនុស្សស្រី៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
