អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាឱ្យមានការដកទ័ពចេញពីតំបន់ Kherson

BY
autoadmin
November 10, 2022

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាឱ្យកងទ័ពរបស់លោក ដកខ្លួនចេញពីផ្នែកខាងលិចរបស់ទន្លេ Dnipro ដែលរួមមានទីក្រុង Kherson ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ ក្រសួងការពារជាតិបានចេញផ្សាយឃ្លីបវីដេអូនៃកិច្ចប្រជុំមួយ ទាក់ទងនឹងអ្វីដែលគេហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ។ ក្នុងជំនួបនោះ ឧត្តមសេនីយ Sergei Surovikin មេបញ្ជាការកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានរាយការណ៍ថា កងទ័ពរបស់លោកនៅត្រើយខាងលិចរបស់ទន្លេ ប្រឈមនឹងហានិភ័យនៃភាពឯកោ។ លោក​ថាជម្រើស​ល្អ​បំផុត ​គឺ​រៀបចំ​ការ​ការពារ​នៅ​តាម​ច្រាំង​ទន្លេ​ភាគ​ខាង​កើត។

លោក Shoigu បានប្រាប់លោក Surovikin ឱ្យចាប់ផ្តើមការដកទ័ព និងចាត់វិធានការទាំងអស់ ដើម្បីធានាការផ្ទេរកម្លាំង អាវុធ និងឧបករណ៍ ប្រកបដោយសុវត្ថិភាពឆ្លងកាត់ទន្លេ។ រំលឹកដែរថា យោធារុស្ស៊ីបានអះអាងថា ខ្លួនបានគ្រប់គ្រងទាំងស្រុងលើតំបន់ Kherson ទាំងមូលនៅក្នុងខែមីនា មិនយូរប៉ុន្មានបន្ទាប់ពីវាបានចាប់ផ្តើមការលុកលុយរបស់អ៊ុយក្រែន។ នៅក្នុងខែកញ្ញា វិមានក្រឹមឡាំងបានបញ្ចូលតំបន់ Kherson និងតំបន់ ៣ ផ្សេងទៀតជារបស់រុស្ស៊ី។ ដូច្នេះហើយកងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុករបស់ពួកគេឆ្ពោះទៅកាន់ទីក្រុង Kherson ក្នុងតំបន់ក្នុងគោលបំណងដណ្តើមយកទឹកដីពីប្រទេសរុស្ស៊ីមកវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: