អង្គការសហប្រជាជាតិ៖ ចំនួនប្រជាជននៅលើពិភពលោកកើនឡើងដល់ ៨ ពាន់លាននាក់នៅថ្ងៃអង្គារ៍នេះ
- BY
- autoadmin
- November 15, 2022
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ចំនួនប្រជាជនពិភពលោកនៅថ្ងៃអង្គារនេះនឹងកើនឡើងដល់ ៨ ពាន់លាននាក់ ជាមួយនឹងកំណើនដែលមានខ្ពស់បំផុត គឺនៅក្នុងប្រទេសឥណ្ឌា និងប្រទេសក្នុងទ្វីបអាហ្វ្រិក។ ចំនួនប្រជាជនពិភពលោកបានកើនឡើងប្រហែល ១ ពាន់លាននាក់ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ដោយសារតែអាយុជាមធ្យមមានការកើនឡើងជាងមុន និងការថយចុះអត្រាមរណភាពសម្រាប់ម្តាយ និងកុមារ។ អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសមួយចំនួននៅអាស៊ីខាងត្បូង និងអាហ្រ្វិក ទំនងជានឹងបន្តឃើញការកើនឡើងចំនួនប្រជាជនយ៉ាងច្រើន។

ប្រទេសនៅអនុតំបន់សាហារ៉ាអាហ្រ្វិកត្រូវបានគេរំពឹងថា នឹងមានច្រើនជាងពាក់កណ្តាលនៃការកើនឡើងចំនួនប្រជាជនពិភពលោក ដែលរំពឹងទុករហូតដល់ឆ្នាំ២០៥០។ ចំណែកឥណ្ឌាត្រូវបានគេព្យាករថា នឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោកនៅឆ្នាំ២០២៣។ អង្គការសហប្រជាជាតិក៏និយាយផងដែរថា ចំនួនប្រជាជននៃប្រទេស ឬតំបន់ចំនួន ៦១ រួមទាំងប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថា នឹងថយចុះ ១% ឬច្រើនជាងនេះនៅឆ្នាំ២០៥០ ដោយសារតែកម្រិតនៃការមានកូនទាប។ ចំនួនប្រជាជនពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតកំពូលប្រហែល ១០.៤ ពាន់លាននាក់ នៅក្នុងឆ្នាំ២០៨០ ហើយបន្ទាប់មកធ្លាក់ចុះវិញ។
នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសដែលកម្រិតនៃការមានកូននៅតែខ្ពស់ គួររៀបចំខ្លួនដើម្បីបំពេញតម្រូវការនៃចំនួនកុមារដែលកំពុងកើនឡើង ដូចជាផ្តល់ឱ្យពួកគេនូវការអប់រំប្រកបដោយគុណភាព និងឱកាសការងារ។ នាយកដ្ឋានអង្គការសហប្រជាជាតិក៏និយាយផងដែរថា ប្រទេសដែលមានប្រជាជនវ័យចំណាស់ច្រើន ក៏គួរតែចាត់វិធានការដើម្បីសម្របកម្មវិធីសាធារណៈទៅនឹងសមាមាត្រកើនឡើងនៃមនុស្សចាស់៕

អត្ថបទ៖ លីដា
ប្រភព៖ USA Today
- Share This Post:






