បេសកជនអង្គការណាតូនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញឧប្បត្តិហេតុមីស៊ីលរុស្ស៊ីនៅវាយប្រហារលើភូមិមួយក្នុងប្រទេសប៉ូឡូញ
- BY
- autoadmin
- November 16, 2022
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានអង្គការណាតូលោក Jens Stoltenberg នឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសម្ព័ន្ធមិត្តបណ្ដាប្រទេសណាតូនៅថ្ងៃពុធនេះ ជុំវិញការផ្ទុះដ៏សាហាវនៅក្នុងប្រទេសប៉ូឡូញ។ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បាននិយាយថា៖«អគ្គលេខាធិការនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយរបស់ឯកអគ្គរដ្ឋទូតណាតូនៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុសោកនាដកម្មនេះ»។ រំលឹកផងដែរថា មនុស្សចំនួន ២នាក់ បានស្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការផ្ទុះដែលបង្កឡើងដោយគ្រាប់មីស៊ីលផលិតដោយរុស្ស៊ីនៅក្នុងភូមិ Przewodow ប្រទេសប៉ូឡូញ ក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន។

ក្រោយមកក្រសួងការបរទេសរបស់ប៉ូឡូញបានបញ្ជាក់ថា គ្រាប់មីស៊ីលបានធ្លាក់មកលើភូមិនៅវេលាម៉ោង ៣ និង ៤០នាទីរសៀលកាលពីថ្ងៃអង្គារ ហើយវាបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ឱ្យផ្តល់ការពន្យល់លម្អិតភ្លាមៗចំពោះបញ្ហានេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយនិយាយថា៖«ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីប៉ូឡូញបង្ករឿងដោយចេតនា ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងជាមួយនឹងសេចក្តីថ្លែងការណ៍របស់ពួកគេ ស្តីពីផលប៉ះពាល់នៃគ្រាប់មីស៊ីលរុស្ស៊ី នៅ Przewodow»។ វាបានបន្ថែមថា៖«បំណែកដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ប៉ូឡូញពីកន្លែងកើតហេតុនៅក្នុង Przewodow មិនមានទំនាក់ទំនងជាមួយកម្លាំងភ្របស់រុស្ស៊ីទេ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






