អន្តរជាតិ

លោកស្រី Nancy Pelosi សម្រេចចុះចេញពីតំណែងជាប្រធានរដ្ឋសភាអាមេរិក ក្រោយកាន់តំណែងអស់រយៈពេលជិត ២ ទសវត្សរ៍

BY
autoadmin
November 18, 2022

លោកស្រី Nancy Pelosi ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងឈប់ពីតួនាទីនេះ។ ស្ត្រីដែលមានអាយុ ៨២ឆ្នាំរូបនេះ គឺជាសមាជិកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា ហើយគាត់គឺជាស្ត្រីដំបូងគេ ដែលបានកាន់តំណែងជាប្រធានរដ្ឋសភានេះ។ យ៉ាងណាក៏ដោយ លោកស្រីនឹងនៅតែបន្តធ្វើតំណាងរាស្ត្រឱ្យសង្កាត់កាលីហ្វ័រញ៉ានៅក្នុងសភាជាន់ទាប។ វាកើតឡើងនៅពេលដែលគណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរួចរាល់។

លោក Kevin McCarthy មកពីគណបក្សសាធារណរដ្ឋបានឈ្នះការគាំទ្រក្នុងនាមជាបេក្ខភាពថ្មី ហើយគាត់ទំនងជានឹងបន្តតំណែងរបស់លោកស្រី Pelosi ។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងអង្គជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំមិនដែលគិតថាថ្ងៃណាមួយ ខ្ញុំអាចផ្ដើមចេញពីមេផ្ទះទៅជាប្រធានរដ្ឋសភានោះទេ»។ លោកស្រីបាននិយាយថា៖«ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងសភាថ្មីទេ។ ដល់ម៉ោងហើយសម្រាប់មនុស្សជំនាន់ថ្មី ដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ»។ លោកស្រី Pelosi នឹងបម្រើការជាប្រធានសភារហូតដល់ខែមករា នៅពេលដែលសភាថ្មីចូលកាន់តំណែង ហើយនឹងបន្តអង្គុយកៅអីដែលលោកស្រីបានឡើងជាលើកដំបូងក្នុងឆ្នាំ១៩៨៧ រហូតដល់ខែមករា ឆ្នាំ២០២៥៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: