អន្តរជាតិ

ជប៉ុនព្រមានថា មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលកូរ៉េខាងជើងបាញ់បង្ហោះព្រឹកមិញនេះ គឺមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក

BY
autoadmin
November 18, 2022

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅព្រឹកថ្ងៃសុក្រនេះ ខណៈមីស៊ីលមួយនោះបានធ្លាក់នៅជិតដែនទឹកជប៉ុន នៅក្នុងការសាកល្បងអាវុធធំលើកទី ២ របស់ខ្លួនក្នុងខែនេះ។ សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ភ្លាមៗសម្រាប់ការ​បាញ់​បង្ហោះនេះ​ ហើយ​បាន​ប្តេជ្ញា​ចាត់​វិធាន​ការ​ចាំបាច់​ទាំង​អស់​ ដើម្បី​ធានា​ដល់សុវត្ថិភាព​ដែនដី ក៏ដូចជាសម្ព័ន្ធមិត្ត​របស់ខ្លួន។ អនុប្រធានាធិបតី Kamala Harris នឹងត្រូវជួបដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំរបស់ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ដែលកំពុងចូលរួមវេទិកាថ្នាក់តំបន់នៅទីក្រុងបាងកក ដើម្បីពិភាក្សាពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងនេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះ ICBM ចេញពីតំបន់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ១០ និង ១៥ នាទីព្រឹក ហើយវាបានហោះឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ ចំណែកប្រទេសជប៉ុនក៏បាននិយាយថា ICBM ហាក់ដូចជាបានហោះហើរនៅលើគន្លងខ្ពស់ ហើយបានចុះចតនៅភាគខាងលិចនៃកោះហុកកៃដូ។

យោងតាមការប៉ាន់ប្រមាណរបស់កូរ៉េខាងត្បូង និងជប៉ុន បានបញ្ជាក់ថា មីស៊ីលកូរ៉េខាងជើងបានហោះក្នុងរយៈចម្ងាយប្រហែល ៣,៦០០ ទៅ ៣,៧៩០ ម៉ាយ ក្នុងរយៈកម្ពស់អតិបរមា ៦២០ ម៉ាយ។ អាស្រ័យលើរយៈកម្ពស់ និងទម្ងន់នៃក្បាលគ្រាប់របស់វា មីស៊ីលនេះអាចមានរយៈចម្ងាយលើសពី ១៥,០០០ គីឡូម៉ែត្រ (៩,៣២០ ម៉ាយ) ដែលអាចគ្របដណ្ដប់លើសហរដ្ឋអាមេរិកទាំងមូល នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: