អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា នឹងមិនត្រឡប់ទៅប្រើប្រាស់ Twitter វិញទេ បើទោះបីជាមានមតិភាគច្រើនបានគាំទ្រគាត់
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បាននិយាយថា លោកមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅប្រើប្រាស់បណ្ដាញសង្គម Twitter វិញនោះទេ បើទោះបីជាមានមតិភាគច្រើនបានបោះឆ្នោតគាំទ្រលោក នៅក្នុងការស្ទង់មតិដែលរៀបចំដោយម្ចាស់ថ្មីគឺលោក Elon Musk ។ អ្នកប្រើប្រាស់ Twitter ជាង ១៥ លាននាក់ បានបោះឆ្នោតនៅក្នុងការស្ទង់មតិនេះ ដោយមានសំឡេង ៥១.៨% បានបោះឆ្នោតគាំទ្រការស្តារគណនីរបស់លោកឡើងវិញ។ លោក Musk បានសរសេរថា៖«ប្រជាជនបានគាំទ្រ។ Trump នឹងត្រូវបានស្តារឡើងវិញ»។

រំលឹកដែរថា គណនី Twitter របស់លោក ត្រាំ ដែលធ្លាប់មាន Follower ជាង ៨៨ លាននាក់ មុនពេលត្រូវបានហាមបិទនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានចាប់ផ្តើមមាន Follower ឡើងវិញ ដោយមានជិត ១០០,០០០ Follower គិតត្រឹមម៉ោង ១០ យប់ ម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍។ ប៉ុន្តែអ្នកប្រើខ្លះបានរាយការណ៍ថា ពួកគេមិនទាន់អាច Follow គណនីរបស់លោក ដូណាល់ ត្រាំ ដែលទើបតែស្ដារឡើងវិញបាននោះទេ។ ចំណែកលោក ត្រាំ ក៏មិនបានបង្ហាញការចាប់អារម្មណ៍អ្វីនោះដែរ នៅថ្ងៃដដែលនោះ។
ក្រុមមួយនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំរបស់សម្ព័ន្ធ Jewish Coalition បានសួរគាត់ថា តើគាត់មានគម្រោងត្រឡប់ទៅ Twitter វិញទេ? លោកបានឆ្លើយថា៖«ខ្ញុំមិនឃើញហេតុផលសម្រាប់វាទេ»។ គាត់បាននិយាយថា គាត់នឹងនៅតែប្រើវេទិកាថ្មីរបស់គាត់គឺ Truth Social ដែលជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Trump Media & Technology Group (TMTG) របស់គាត់ ដែលគាត់បាននិយាយថា មានការចូលរួមពីអ្នកប្រើប្រាស់ប្រសើរជាង Twitter ហើយកំពុងដំណើរការល្អអស្ចារ្យ។ យ៉ាងណាក៏ដោយ Twitter មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ