អន្តរជាតិ

Tesla កំពុងប្រមូលរថយន្ត Model 3 និង Model Y ច្រើនជាង ៣២០,០០០ គ្រឿង ត្រឡប់មកវិញជុំវិញបញ្ហាអំពូលភ្លើងក្រោយ

BY
autoadmin
November 21, 2022

Tesla កំពុង​ប្រមូល​រថយន្ត​ជាង ៣២១,០០០ គ្រឿង ​ជុំវិញ​បញ្ហា​ software ដែល​បណ្តាល​ឱ្យ​អំពូលភ្លើង​ក្រោយរបស់រថយន្តមួយចំនួន​មិន​ដំណើរការ​ត្រឹមត្រូវ។ ក្រុមហ៊ុនបានប្រកាសពត៌មាននេះកាលពីថ្ងៃសៅរ៍ នៅក្នុងឯកសាររដ្ឋបាលចរាចរណ៍ និងសុវត្ថិភាពផ្លូវជាតិ (PDF) ដែលត្រូវបានមើលឃើញដោយរ៉យទ័រ។ ការប្រមូលត្រឡប់មកវិញគ្របដណ្តប់លើរថយន្ត Model 3 ស៊េរីឆ្នាំ 2023 និង Model Y ពីស៊េរីឆ្នាំ 2020 ដល់ 2023 ដែលផលិតសម្រាប់ទីផ្សារអាមេរិក។

ការជូនដំណឹងរបស់ NHTSA បាននិយាយថា ក្នុងករណីដ៏កម្រ ចង្កៀងខាងក្រោយម្ខាង ឬទាំងសងខាង សម្រាប់ម៉ូដែលឆ្នាំដែលបានរៀបរាប់ខាងលើ អាចមានបញ្ហាលើការបំភ្លឺជាបន្តបន្ទាប់ ដោយសារតែភាពខុសប្រក្រតីនៃកម្មវិធីបង្កប់ (firmware) ដែលអាចបណ្តាលឱ្យមានបញ្ហាក្នុងអំឡុងពេលបញ្ឆេះរថយន្ត។ វាបានបន្ថែមថា ចង្កៀងហ្រ្វាំង ចង្កៀងបម្រុង និងចង្កៀងសញ្ញា មិនបានរងផលប៉ះពាល់អ្វីទេ ហើយបន្តដំណើរការដូចធម្មតា។

ក្រុមហ៊ុន Tesla នឹងចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុន​មិន​មាន​របាយការណ៍​អំពី​ការគ្រោះថ្នាក់ ​ឬ​របួស​ដែល​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ ខណៈក្រុមហ៊ុនបានដឹងពីបញ្ហានេះនៅចុងខែតុលា។ នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយពីមួយថ្ងៃមុន ក្រុមហ៊ុន Tesla បានប្រមូលរថយន្តមកវិញប្រហែល ៣០,០០០ គ្រឿង ដោយសារបញ្ហាដែលអាចបណ្តាលឱ្យពោងសុវត្ថិភាពអ្នកដំណើរខាងមុខនៅក្នុងរថយន្ត Model X ដាក់ពង្រាយមិនត្រឹមត្រូវនៅក្នុងស្ថានភាពមួយចំនួន៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: