យ៉ាងហោចណាស់មនុស្ស ១១នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសតួកគី
- BY
- autoadmin
- November 21, 2022
យ៉ាងហោចណាស់មនុស្សចំនួន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី រួមទាំងអ្នកសារព័ត៌មានម្នាក់ បន្ទាប់ពីយន្តហោះចម្បាំងទតួកគី បានធ្វើប្រតិបត្តិការតាមអាកាសនៅក្នុងប្រទេសនេះ និងប្រទេសជិតខាងអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រីមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។ ប៉ុន្តែនៅមិនទាន់មានការរាយការណ៍ពីភាគីអ៊ីរ៉ាក់ណាម្នាក់រងរបួសទេ។ ការវាយលុកឆ្លងព្រំដែនថ្មីរបស់តួកគី ដែលត្រូវបានគេដាក់ឈ្មោះថា «Operation Claw-Sword» ដោយក្រសួងការពារជាតិរបស់ខ្លួន គឺផ្តោតលើគណបក្សពលករឃឺដ (PKK) អង្គភាពការពារប្រជាជន PYD (YPG) និងសហភាពសហគមន៍នៅឃឺដ (KCK) ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការផ្ទុះដ៏សាហាវមួយ នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលកាលពីមួយសប្តាហ៍មុន ដែលមន្ត្រីតួកគីបាននិយាយថា ក្រុមបំបែកខ្លួនឃឺដគឺជាអ្នកបង្កឡើង ប៉ុន្តែត្រូវបានបដិសេធដោយក្រុមឃឺដ។ ប្រធានប្រព័ន្ធផ្សព្វផ្សាយ SDF លោក Ferhad Shami តាមរយៈ Twitter បាននិយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និងរបួសយ៉ាងតិច ៨១ នាក់ផ្សេងទៀត។
ជម្រាបដែរថា យន្តហោះចម្បាំងតួកគីបានធ្វើការវាយប្រហារតាមអាកាសជុំវិញទីក្រុង Kobani ភូមិ Dahir al-Arab និង al-Beilonya ។ លោក Shami បាននិយាយថា ការវាយប្រហារបានប៉ះពាល់ដល់ភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី ដោយបានបំផ្លាញមន្ទីរពេទ្យមួយក្នុងទីក្រុង Kobani និងស្ថានីយ៍ថាមពលមួយនៅក្នុងទីក្រុង Derik ក៏ដូចជាការបំផ្លាញគ្រាប់ធញ្ញជាតិនៅតំបន់ Dahir al-Arab ។ សាក្សីម្នាក់បានប្រាប់ CNN ថា យន្តហោះចម្បាំងបានធ្វើការវាយប្រហារតាមអាកាសនៅជិតទីក្រុង Tal Rifaat នៅតំបន់ជនបទភាគខាងជើងនៃទីក្រុង Aleppo ដែលត្រូវបានគ្រប់គ្រងដោយអង្គភាពការពារប្រជាជន YPG៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






