អន្តរជាតិ

យន្តហោះខ្នាតតូចមួយគ្រឿងផ្ទុកមនុស្ស ៨ នាក់ បានធ្លាក់ចូលទៅតំបន់លំនៅដ្ឋានរបស់ពលរដ្ឋនៅក្នុងប្រទេសកូឡុំប៊ី

BY
autoadmin
November 22, 2022

អាជ្ញាធរអាកាសយានដ្ឋាននៃប្រទេសកូឡុំប៊ីបាននិយាយថា យន្តហោះខ្នាតតូចមួយគ្រឿងផ្ទុកមនុស្ស ៨ នាក់ បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយនៃទីក្រុង Medellin ដែលជាទីក្រុងធំទី២ របស់ប្រទេសកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ យន្តហោះនោះបានហោះចេញពីអាកាសយានដ្ឋាន Olaya Herrera នៅពេលព្រឹក ហើយបានរាយការណ៍ពីបញ្ហាម៉ាស៊ីន មុនពេលធ្លាក់ចូលទៅក្នុងផ្ទះមួយ ដោយបញ្ជូនផ្សែងខ្មៅយ៉ាងក្រាស់ទៅលើអាកាស។

ផ្ទះចំនួន ៧ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងអគារចំនួន ៦ ផ្សេងទៀតបានរងការខូចខាត បន្ទាប់ពីយន្តហោះបានធ្លាក់លើ។ រូបថតដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញពីក្រុមអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងរុះរើកកាយទ្រព្យសម្បត្តិដែលខូចខាត។ គណនី Twitter របស់អាកាសយានដ្ឋានបានរាយការណ៍ថា មនុស្សទាំង ៨នាក់ នៅក្នុងយន្តហោះ រួមមានអ្នកដំណើរ ៦ នាក់ និងអាកាសយានិក ២នាក់។ យ៉ាងណាក៏ដោយ មិន​មាន​ការ​បញ្ជាក់​ថា មាន​អ្នកផ្សេងទៀតបានរង​របួស ឬ​ស្លាប់ ​ក្រៅពីអ្នកដំណើរទាំងអស់របស់យន្ដហោះនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: