ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋចំនួន ២៦៨នាក់ បានបាត់បង់ជីវិត ខណៈជិត ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅឥណ្ឌូណេស៊ី

    BY autoadmin November 23, 2022
    ពលរដ្ឋចំនួន ២៦៨នាក់ បានបាត់បង់ជីវិត ខណៈជិត ៦០,០០០ នាក់ ត្រូវជម្លៀសខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅឥណ្ឌូណេស៊ី

    អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតស៊ូ ដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និងផ្តល់ជំនួយដល់ពលរដ្ឋជម្លៀសខ្លួនជិត ៦០,០០០ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយក្នុងកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java កាលពីថ្ងៃចន្ទ។ អាជ្ញាធរគ្រោះមហន្តរាយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦៨ នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយ ១៥១ នាក់នៅតែបាត់ខ្លួន ខណៈមនុស្ស​ជាង ១,០០០ នាក់​បាន​រង​របួស។ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកមនុស្សដែលជាប់នៅក្នុងកំទេចកំទី ដោយសារគ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមានការរអិលបាក់ដីជាច្រើនកន្លែង។

    ការរញ្ជួយដីតូចៗជាង ១០០ លើក បានកើតឡើង បន្ទាប់ពីការរញ្ជួយដីដំបូងដែលបង្ខំឱ្យមនុស្សប្រហែល ៥៨,០០០ នាក់ ត្រូវជម្លៀសចេញ។ នៅក្នុងស្រុក Cianjur អ្នកស្រុកប្រហែល ១០០ នាក់ កំពុងប្រើប្រាស់តង់ ដើម្បីសង់ជាកន្លែងស្នាក់បណ្តោះអាសន្ននៅខាងក្រៅ។ អ្នក​ជម្លៀស​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​ទុក​ចោល​ដោយ​គ្មាន​ការ​ផ្គត់ផ្គង់​ជំនួយ​ជាង​ ២៤​ម៉ោង​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា អ្នកជម្លៀសត្រូវការអាហារ ភួយ និងក្រណាត់កន្ទបទារក។ ប៉ុន្តែ​តំបន់​ជា​ច្រើន​នៅ​ដាច់​ពីគេ ​ពី​ព្រោះ​ការ​រអិល​បាក់​ដី​បាន​ធ្វើ​ឱ្យ​ផ្លូវ​មួយ​ចំនួន​មិន​អាច​ធ្វើ​ដំណើរ​បានឡើយ។ មន្ត្រី​ឧតុនិយម​បាន​ព្រមាន​អ្នក​ស្រុក​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ ព្រោះ​ភ្លៀង​អាច​បង្ក​ឱ្យ​មាន​ការ​រអិល​បាក់​ដី​ និងពង្រីក​ការ​ខូច​ខាតបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: