អន្តរជាតិ

WHO បាននិយាយថា ការធ្លាក់ចុះនៃយុទ្ធសាស្ត្រទប់ស្កាត់ជំងឺកូវីដ១៩ នឹងបើកដៃឱ្យមានការកើតឡើងនៃវ៉ារ្យ៉ង់ថ្មីៗ

BY
autoadmin
December 3, 2022

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ភាពយឺតយ៉ាវក្នុងការប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីដោះស្រាយជំងឺ COVID-19 នៅឆ្នាំនេះ បន្តបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ការកកើតនៃវ៉ារ្យ៉ង់ថ្មី ខណៈដែលផ្នែកខ្លះនៃប្រទេសចិន បានឃើញការកើនឡើងនៃការឆ្លងយ៉ាងច្រើន នេះបើតាមការឱ្យដឹងរបស់ប្រធានអង្គការសុខភាពពិភពលោក តាមរយៈការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ

ការអត្ថាធិប្បាយរបស់អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបង្ហាញពីការផ្លាស់ប្តូរទស្សនៈត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីលោកបាននិយាយថា ពិភពលោកមានស្ថានភាពប្រសើរជាងមុន ដែលអាចឈានដល់ការបញ្ចប់ជំងឺរាតត្បាត COVID-19។ លោក Tedros បាននិយាយកាលពីថ្ងៃសុក្រថា៖«យើងកាន់តែខិតទៅជិតនឹងអាចនិយាយបានថា ដំណាក់កាលសង្គ្រោះបន្ទាន់នៃជំងឺរាតត្បាតបានចប់ហើយ ប៉ុន្តែយើងមិនទាន់នៅទីនោះនៅឡើយ»។

លោកអគ្គនាយកបានលើកឡើងពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសចិន ខណៈផ្នែកខ្លះនៃចក្រភពអង់គ្លេសក៏ចាប់ផ្ដើមមើលឃើញពីការឆ្លងថ្មីៗ។ លោក Tedros ក៏បានលើកឡើងពីបញ្ហាគម្លាតនៃការធ្វើតេស្ដរកជំងឺ និងការចាក់វ៉ាក់សាំងបង្ការ ដែលទាំងអស់នេះសុទ្ធតែជាកត្តាបើកឱកាសឱ្យមានវ៉ារ្យ៉ង់ថ្មីៗកកើតឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: