មានការលើកឡើងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដើម្បីរត់គេចខ្លួនចេញពីប្រទេសថៃ
ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានសារព័ត៌មាន South China Morning Post ចុះផ្សាយថា គាត់បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាដើម្បីធ្វើការរត់គេចខ្លួនពីប្រទេសថៃកាលពីឆ្នាំ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានថៃ បាងកកប៉ុស្តិ៍។ ប្រភពដដែលនេះក៏បានបង្ហាញថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាយុ៥១ឆ្នាំ បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដើម្បីចុះបញ្ជីជានាយកប្រតិបត្តិក្រុមហ៊ុន PT Corporation Co ទៀតផង ដែលការចុះបញ្ជីនេះ បានធ្វើឡើងក្រោយពេលដែលមានការតាមចាប់ខ្លួនលោកស្រីពីសំណាក់អាជ្ញាធរថៃ។
ជាងនេះទៅទៀតឯកសារផ្សេងទៀតក៏បាន បង្ហាញថា ៤ ខែបន្ទាប់ពីលោកស្រីបានចុះបញ្ជីក្រុមហ៊ុនខាងលើនេះ លោកស្រីត្រូវបានគេតែងតាំងជាប្រធានក្រុមហ៊ុនកុងស៊ុលកុងតឺន័រអន្តរជាតិ Shantou ដែលជាប្រតិបត្តិករកំពង់ផែមានមូលដ្ឋាននៅខេត្តក្វាងទុងប្រទេសចិនទៀតផង ។ យ៉ាងណាក្តី ទាំងតំណាងរដ្ឋាភិបាលថៃ និងក្រសួងការបរទេសកម្ពុជាបានធ្វើការបដិសេដទាំងស្រុងថា ពុំមានរឿងដូចការចុះផ្សាយខាងលើនេះកើតមាននោះទេ ព្រោះកម្ពុជាដាច់ខាតមិនអាចធ្វើលិខិតឆ្លងដែនជូនជនបរទេសនោះឡើយ។
សូមរម្លឹកឡើងវិញថា លោកស្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានតុលាការថៃធ្វើការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើលព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៥ ឆ្នាំ តែលោកស្រីបានរត់គេចខ្លួនពីប្រទេសថៃ ដើម្បីគេចចេញពីការតាមចាប់ខ្លួន ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរថៃកំពុងបន្តតាមចាប់ខ្លួនលោកស្រី ខណៈដែលលោកស្រីកំពុងតែរត់គេចខ្លួនពីប្រទេសមួយទៅប្រទេសមួយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
