លោក ពូទីន និយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរកំពុងកើនឡើង ប៉ុន្តែអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីគឺទុកសម្រាប់ការពារជាតិ
- BY
- autoadmin
- December 8, 2022
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរកំពុងកើនឡើង ប៉ុន្តែលោកទទូចថា ឃ្លាំងអាវុធរបស់ប្រទេសរុស្ស៊ី គឺទុកសម្រាប់ការការពារជាតិប៉ុណ្ណោះ។ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ីកាលពីថ្ងៃពុធ លោក ពូទីន បាននិយាយថា លោកស្គាល់ថាអាវុធនុយក្លេអ៊ែរជាអ្វី ហើយលោកបានបន្ដថា ប្រទេសរុស្ស៊ីមាននុយក្លេអ៊ែរតិចជាងសហរដ្ឋអាមេរិកនៅឡើយទេ។ ជម្រាបផងដែរថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរបានកើតឡើងជាច្រើនដង នៅក្នុងអំឡុងពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

លោក ពូទីន បាននិយាយថា៖«អាវុធនុយក្លេអ៊ែររបស់អាមេរិកមានចំនួនច្រើន ដែលស្ថិតនៅលើទឹកដីអឺរ៉ុប។ យើងមិនដែលផ្តល់អាវុធនុយក្លេអ៊ែរទៅឱ្យនរណាម្នាក់ទេ ហើយយើងក៏នឹងមិនធ្វើវាដែរ ប៉ុន្តែជាការពិតណាស់ យើងនឹងការពារសម្ព័ន្ធមិត្តរបស់យើងតាមគ្រប់មធ្យោបាយដែលមាន ប្រសិនបើយើងត្រូវធ្វើ»។ លោកពូទីនក៏បាននិយាយផងដែរថា សង្រ្គាមនៅអ៊ុយក្រែនអាចជា «ដំណើរការដ៏វែងឆ្ងាយ»។
វិមានក្រឹមឡាំងនិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលទៅលើតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ «យន្តហោះគ្មានមនុស្សបើកសម័យសូវៀត» ក្នុងការវាយប្រហារទាំងនោះ។ កាសែតរុស្ស៊ី Izvestia បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនមានយន្តហោះគ្មានមនុស្សបើក Tupolev-141 ដែលមានរយៈចម្ងាយហោះហើរអតិបរមា ១,០០០ គីឡូម៉ែត្រ។ វាក៏បាននិយាយដែរថា ប្រជាជនអ៊ុយក្រែនអាចកែយន្តហោះគ្មានមនុស្សបើក ដែលមានសមត្ថភាពវាយប្រហារមកលើដីបាន៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






