ប្រធានាធិបតីប៉េរូ Pedro Castillo ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង នៅក្នុងនីតិវិធីចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ
- BY
- autoadmin
- December 8, 2022
សភារបស់ប្រទេសប៉េរូបានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីបណ្តេញប្រធានាធិបតី Pedro Castillo ចេញពីតំណែង នៅក្នុងសវនាការមួយ លើការចោទប្រកាន់ពីបទពុករលួយ។ លោក Castillo ដែលជាអ្នកឆ្វេងនិយម និងជាអតីតគ្រូបង្រៀនរូបនេះ បានធ្វើការទម្លាក់លោកស្រី Keiko Fujimori ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Alberto Fujimori នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមិថុនាឆ្នាំមុន។ ប៉ុន្តែការគ្រប់គ្រងរបស់លោក Castillo មិនមានស្ថិរភាពតាំងពីដើមមក ខណៈត្រូវប្រឈមនឹងសំឡេងប្រឆាំងជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដោយសារវាផ្ទុយពីរដ្ឋធម្មនុញ្ញ។

កាលពីថ្ងៃពុធ លោក Castillo បានប្រកាសភ្លាមៗក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោកកំពុងធ្វើការរំលាយសភា ដំឡើងរដ្ឋាភិបាលគ្រាអាសន្ន និងដាក់បម្រាមគោចរពេលយប់។ ក្រុមអ្នកសង្កេតការណ៍ជឿថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងនីតិវិធីចោទប្រកាន់របស់សភា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសភានៅថ្ងៃដដែលនោះ។ ប៉ុន្តែសមាជិកសភាបានបន្តការកាត់ក្តី ហើយជាង ២ ភាគ ៣ នៃពួកគេ បានបោះឆ្នោតដកលោកចេញពីតំណែង។ ឥឡូវនេះ អនុប្រធានាធិបតីលោកស្រី Dina Boluarte បានស្បថចូលកាន់តំណែងជំនួសលោក Castillo ។ អាជ្ញាធរស៊ើបអង្កេតបាននិយាយថា ការប៉ុនប៉ងរបស់លោក Castillo ដើម្បីរំលាយសភា គឺមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា លោក Castillo ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនរួចហើយដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






