អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានទស្សនាវដ្តី Time ដាក់នាមជា «បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ២០២២»

BY
autoadmin
December 8, 2022

ទស្សនាវដ្ដី Time បាន​ដាក់នាមប្រធានាធិបតី Volodymyr Zelensky  «ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ២០២២» សម្រាប់​ការ​ការពារ​ប្រទេស​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ជម្រាបដែរថា ពាន​រង្វាន់​នេះ​គឺតែងតែផ្ដល់ឱ្យ​លើ​បុគ្គល ឬ​អង្គភាព ​ដែល​ទស្សនាវដ្ដី​ព័ត៌មាន​អាមេរិកមួយនេះ​ ចាត់​ទុក​ថាមាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ព្រឹត្តិការណ៍​ពិភពលោក​ក្នុង​រយៈពេល ១២ ខែ​កន្លង​មក​។ Time បានសរសេរថា៖«គោលដៅរបស់រុស្ស៊ីនៅពេលចាប់ផ្តើមការលុកលុយគឺដើម្បីសម្លាប់ ឬចាប់យកលោក Zelensky និងកាត់ផ្តាច់រដ្ឋាភិបាលរបស់គាត់»។

អ្នកនិពន្ធរបស់ Time គឺលោក Edward Felsenthal បាននិយាយថា ទោះបីជាស្ថានភាពបែបណាក៏ដោយ លោក Zelensky បានធ្វើការសម្រេចចិត្តមិនរត់ចេញពីទីក្រុងគៀវឡើយ ហើយជំនួសវិញដោយស្នាក់នៅ និងប្រមូលផ្តុំការគាំទ្រ នៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានចាប់ផ្តើមធ្លាក់ចុះនៅថ្ងៃទី២៤ ខែកុម្ភៈ។ លោកបានបន្ថែមថា ការអំពាវនាវប្រមូលផ្តុំរបស់លោក Zelensky បាននាំមកនូវជំនួយផ្នែកយោធា និងមនុស្សធម៌រាប់ពាន់លានដុល្លារពីប្រទេសជាច្រើន ដែលបានជួយអ៊ុយក្រែនក្នុងការទប់ទល់នឹងកម្លាំងរបស់កងទ័ពរុស្ស៊ី។

Felsenthal បានកត់សម្គាល់ថា ការឈ្លានពាននេះត្រូវបានថ្កោលទោសដោយប្រទេសចំនួន ១៤១ នៅអង្គការសហប្រជាជាតិ ដោយមានតែប្រទេសកូរ៉េខាងជើង ស៊ីរី អេរីទ្រា និងបេឡារុស្សប៉ុណ្ណោះ ដែលបោះឆ្នោតនៅជាមួយរុស្ស៊ី។ លោក​បាន​មាន​ប្រសាសន៍​ថា៖«ជម្រើស​ឆ្នាំ​នេះ ​គឺ​​ជាការចង​ចាំ​​ដ៏សំខាន់បំផុត»។ លោកថា៖«មិន​ថា​ការតស៊ូ​ប្រយុទ្ធ​ដើម្បី​អ៊ុយក្រែន​ នាំឱ្យមានទាំង​ក្តី​សង្ឃឹម ​ឬ​​ការ​ភ័យ​ខ្លាច​នោះទេ គឺលោក Zelensky បាន​ធ្វើ​ឱ្យ​ពិភពលោក​នៅ​ក្នុង​របៀប​មួយ​ដែល​យើង​មិន​ធ្លាប់​ឃើញ​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ»។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់ស្មារតីរបស់បុគ្គលអ៊ុយក្រែនទាំងក្នុង និងក្រៅប្រទេស ដែលបានតស៊ូដើម្បីមាតុភូមិរបស់ពួកគេនៅពីក្រៅសមរភូមិ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: