ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបាតុករម្នាក់ពីបទបិទផ្លូវ និងវាយប្រហារកម្លាំងសន្តិសុខដោយកាំបិត
- BY
- autoadmin
- December 9, 2022
ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបាតុករម្នាក់ សម្រាប់ឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្តក្នុងអំឡុងពេលនៃការតវ៉ាទូទាំងប្រទេសដែលកំពុងតែបន្ត។ គាត់ជាមនុស្សដំបូងគេដែលត្រូវគេប្រហារជីវិតទាក់ទងនឹងភាពចលាចលប្រឆាំងរដ្ឋាភិបាលថ្មីៗនេះ ដោយត្រូវបានចោទប្រកាន់ពីបទបិទផ្លូវ និងវាយប្រហារសមាជិកកងកម្លាំងសន្តិសុខដោយកាំបិត។ គាត់ត្រូវបានចាប់ខ្លួននៅក្នុងខែកញ្ញា ហើយត្រូវបានកាត់ទោសកាលពីខែមុន ក្រោមបទចោទប្រកាន់ «ធ្វើសង្រ្គាមប្រឆាំងនឹងព្រះ»។

ជម្រាបដែរថា ការតវ៉ានៅប្រទេសអ៊ីរ៉ង់ បានបន្តអូសបន្លាយជិត ២៣ខែមកហើយ នៅទូទាំងប្រទេសនេះ។ ការផ្ទុះឡើងកាន់តែខ្លាំង គឺបន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថា មិនបានពាក់កន្សែងក្របក្បាល Hijab ទៅតាមច្បាប់សាសនារបស់ប្រទេស។ គួរឱ្យដឹងដែរថា អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់បានចូលរួមក្នុងការបង្រ្កាប ដោយបានធ្វើការចាប់ខ្លួនបាតុករជាច្រើននាក់ និងបានសម្លាប់មនុស្សជាង ៣០០នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






