ពលរដ្ឋកូរ៉េខាងត្បូងនឹងមានអាយុតិចជាងមុនចាប់ពីឆ្នាំ២០២៣ ក្រោយប្រទេសនេះសម្រេចផ្លាស់ប្ដូរប្រព័ន្ធរាប់អាយុឱ្យត្រូវតាមស្តង់ដារអន្តរជាតិ
- BY
- autoadmin
- December 9, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្បូងអាចនឹងមានអាយុតិចជាងមុន ១ ឬ ២ឆ្នាំ នៅលើឯកសារផ្លូវការរបស់ពួកគេ ដោយសារតែសភារបស់ប្រទេសនេះ ទើបតែបានអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីលុបចោលវិធីរាប់អាយុតាមបែបប្រពៃណី។ ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធដែលគេហៅថា «ប្រព័ន្ធអាយុកូរ៉េ» នឹងមិនត្រូវបានអនុញ្ញាតនៅលើឯកសារផ្លូវការទៀតទេ។ មានតែវិធីសាស្ត្រស្តង់ដារ និងទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីកាត់បន្ថយការភាន់ច្រឡំ និងដើម្បីឱ្យមានប្រព័ន្ធដូចគ្នាជាមួយពិភពលោក។

បច្ចុប្បន្ននេះ វិធីសាស្ត្រគណនាដែលប្រើយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសកូរ៉េគឺ «ប្រព័ន្ធអាយុកូរ៉េ» ដែលមនុស្សម្នាក់មានអាយុ ១ឆ្នាំ ចាប់តាំងពីពេលកើតភ្លាម ហើយកើន ១ឆ្នាំទៀត នៅពេលឈានចូលដល់ឆ្នាំថ្មី។ ការរាប់បែបនេះ ធ្វើឱ្យពលរដ្ឋម្នាក់នោះ មានអាយុចាស់ជាងអាយុពិតរហូតដល់ ២ឆ្នាំ។ ការរាប់មួយប្រភេទទៀត គឺមិនថាអ្នកកើតពេលណានោះទេ ឱ្យតែរៀងរាល់ថ្ងៃទី១ ខែមករា គឺស្មើនឹងការកើនអាយុ ១ឆ្នាំ។ វិធីសាស្រ្តនេះមានជាចម្បង ដើម្បីគណនាអាយុស្របច្បាប់ក្នុងការផឹកស្រា និងជក់បារី។
យ៉ាងណា កូរ៉េខាងត្បូងក៏មានអ្នកប្រើប្រព័ន្ធរាប់អាយុជាសាកលផងដែរ ដែលអាយុត្រូវបានគណនាដោយថ្ងៃកំណើតរបស់បុគ្គលនោះ ហើយថ្ងៃគម្រប់ ១ខួប នឹងត្រូវបានកំណត់រយៈពេល ៣៦៥ថ្ងៃ បន្ទាប់ពីពេលកើត។ នេះវាមានន័យថា ជាឧទាហរណ៍ គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ មនុស្សដែលកើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០២ មានអាយុ ១៩ឆ្នាំ ក្រោមប្រព័ន្ធអន្តរជាតិ, ២០ឆ្នាំ នៅក្រោមប្រព័ន្ធរាប់តាមឆ្នាំ និង ២១ នៅក្រោមប្រព័ន្ធរាប់អាយុកូរ៉េ។ រដ្ឋាភិបាលបាននិយាយថា «ការកែសម្រួលនេះ មានគោលបំណងកាត់បន្ថយការចំណាយលើសេដ្ឋកិច្ចសង្គមដែលមិនចាំបាច់ ពីព្រោះជម្លោះផ្លូវច្បាប់ និងសង្គម ក៏ដូចជាការភ័ន្តច្រឡំនៅតែបន្តកើតមាន ដោយសារតែវិធីគណនាអាយុខុសៗគ្នា»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






