អន្តរជាតិ

ចិនបានផ្ដល់​​យន្តហោះ​ផលិតក្នុងស្រុក​ដំបូងគេ ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ China Eastern សម្រាប់ការដឹកជញ្ជូនជាផ្លូរការ

BY
autoadmin
December 9, 2022

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines Corp. បានក្លាយជាក្រុមហ៊ុនទទួលបានយន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតនៅប្រទេសចិនដំបូងគេកាលពីថ្ងៃសុក្រ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងមហិច្ឆតារបស់ចិនលើវិស័យអាកាសចរណ៍ ខណៈដែលប្រទេសចិនចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្ដហោះដូចជា Airbus SE និង Boeing Co.។ យន្តហោះ C919 ផលិតដោយក្រុមហ៊ុន Commercial Aircraft Corp of China Ltd (Comac) គឺជាយន្តហោះមួយក្នុងចំណោម ៥ ដែលត្រូវបានកក់ទិញដោយ China Eastern ដើម្បីដឹកជញ្ជូនដល់ឆ្នាំ២០២៣។ វាគ្រោងនឹងចាប់ផ្តើមហោះហើរពាណិជ្ជកម្ម នៅនិទាឃរដូវក្នុងប្រទេសចិន។

ក្រុមហ៊ុន Comac បានទទួលការបញ្ជាទិញថ្មីបន្ថែមចំនួន ៣០០ គ្រឿង នៅក្នុងខែវិច្ឆិកា ពីអ្នកទិញដែលមិនបានបង្ហាញឈ្មោះ បន្ថែមពីលើការកក់ទិញចំនួន ៨១៥ គ្រឿង ដែលកំពុងមានស្រាប់ ខណៈអ្នកទិញភាគច្រើនគឺជាចិន។ យ៉ាងណាក៏ដោយ យន្តហោះ C919 មិនសូវទទួលបានចំណាប់អារម្មណ៍នៅក្រៅប្រទេសឡើយ ថ្វីបើផែនការនេះមានរយៈពេល ១៤ ឆ្នាំហើយក្ដី ដែលធ្វើឱ្យមានការខកខានការសាកល្បង និងកាលកំណត់។

យន្តហោះនេះត្រូវបានផ្តល់វិញ្ញាបនបត្រផលិតកម្មក្នុងខែវិច្ឆិកា ប៉ុន្តែ Comac មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនដែលវានឹងចេញក្នុងមួយខែៗនោះទេ។ យន្តហោះ C919 ដែលត្រូវបានបញ្ជូនទៅក្រុមហ៊ុន China Eastern មួយនេះ គឺមាន ១៦៤ កៅអី នៅក្នុងកាប៊ីនចំនួន ២ ដោយរួមមាន ៨ កៅអី នៅក្នុងថ្នាក់អាជីវកម្ម និងមានអេក្រង់ទម្លាក់ចុះក្រោមចំនួន ២០ សម្រាប់ចាក់វីដេអូកកម្សាន្ដ។ កៅអីកណ្តាលក្នុងជួរនីមួយៗ គឺមានទំហំធំជាងកៅអីជិតខាង ១.៥ សង់ទីម៉ែត្រ។ យោងតាមគេហទំព័ររបស់ Comac បានឱ្យដឹងថា យន្តហោះ C919 ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកដំណើរពី ១៥៨ ទៅ ១៩២នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: