អន្តរជាតិ

កងទ័ពរុស្ស៊ីកំពុងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស

BY
autoadmin
December 10, 2022

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនកំពុងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ចំពេលមានការរំពឹងទុកថា រុស្ស៊ីប្រហែលជាកំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យចូលរួមបន្ថែមទៀតនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីសមយុទ្ធដែលកំពុងបន្ដនៅបេឡារុស្ស ហើយបានបង្ហាញរូបភាពមួយចំនួនរបស់សមយុទ្ធផងដែរ។ ខ្លួនមិន​បាន​បង្ហាញ​ថា ​តើ​ការ​ធ្វើ​សមយុទ្ធ​ធ្វើ​ឡើង​នៅ​ទី​ណា​នោះ​ទេ  ប៉ុន្តែ​​បាន​និយាយ​ថា រុស្ស៊ី​ និង​បេឡារុស្ស​ រួបរួមគ្នាជាធ្លុងមួយ ដោយ​បន្ថែម​ថា ​ព្រឹត្តិការណ៍​ហ្វឹកហ្វឺន​ប្រយុទ្ធ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ទាំង​ពេល​ថ្ងៃ ​និង​ពេល​យប់។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រមុខការពារជាតិរុស្ស៊ីលោក Sergei Shoigu ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្ស អមដោយអង្គភាពយោធា និងបានជួបជាមួយប្រធានាធិបតី Alexander Lukashenko ។ វិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្គ្រាម ដែលជាអ្នកគិតគូររបស់សហរដ្ឋអាមេរិក និយាយថា រុស្ស៊ីហាក់ដូចជាកំពុងព្យាយាមដាក់សម្ពាធប្រទេសបេឡារុស្សឱ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ជាក់ស្តែងកាលពីខែតុលា ប្រទេសទាំង ២ បានបង្កើតអង្គភាពប្រតិបត្តិការរួមគ្នាមួយ ដើម្បីឆ្លើយតបទៅនឹងភាពយ៉ាប់យ៉ឺននៃស្ថានភាពសន្តិសុខនៅតាមព្រំដែនជាមួយអ៊ុយក្រែន។

ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននៅតែមានការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងគ្រឿងបរិក្ខារទាក់ទងនឹងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសារភាពដោយបើកចំហមួយថ្ងៃមុននេះថា ប្រទេសរបស់លោកកំពុងកំណត់គោលដៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ដើម្បីជាការសងសឹកចំពោះការវាយប្រហារលើអគាររុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: