ភ្ញាក់ផ្អើលទាំងព្រឹក ប្រទះឃើញកូនស្រីថៅកែហាងលក់មាស ចងកសម្លាប់ខ្លួនក្នុងផ្ទះ
រាជធានីភ្នំពេញ៖ នារីវ័យក្មេងមួយរូប ជាកូនម្ចាស់ហាង លក់ត្បូងនិងគ្រឿងអលង្ការ យីហោ “សៀកលីម” បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ហើយត្រូវបានក្រុមគ្រួសារបានប្រទះឃើញ ក៏មានការឆោឡោដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨និង២០ នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុង សង្កាត់ទូលទំពូងទី០១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីម៉ោងប្រហែល ១០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅចូលរួម ពិធីបុណ្យសពជីតា ដែលទើបនឹងស្លាប់ នៅឯម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ លុះម៉ោង ០៣ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ ក៏បានត្រលប់ មកផ្ទះទួលទំពូង (ចំណុចកើតហេតុខាងលើ) ។ ស្រាប់តែវេលាម៉ោង ៧ព្រឹក ក្រុមគ្រួសារ បានប្រទះឃើញ ជនរងគ្រោះ ចងក នឹងបង្កាន់ដៃជណ្តើរ ស្លាប់បាត់ទៅហើយទើបភ្ញាក់ផ្អើលឆោឡោ។
នារីរងគ្រោះមានឈ្មោះ អៀន រ័ត្នឆវី អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងចំណុចកើតហេតុខាងលើ។ ក្រោយការពិនិត្យលើសាកសព មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវស្លាប់ដោយការចងកពិតប្រាកដមែន មិនមែនជាករណីឃាតកម្មឡើយ។ យ៉ាងណាមិញចំពោះមូលហេតុរហូតឈានដល់ការបញ្ចប់នេះ ពុំទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែក៏មានលើកឡើងថាជនរងគ្រោះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ យូរឆ្នាំណាស់មកហើយ៕



