អន្តរជាតិ

ប្រទេសជាង ៤០ បានសន្យាផ្តល់ជំនួយជាង ១.១ ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បីឱ្យពលរដ្ឋរួចផុតពីភាពត្រជាក់ខ្លាំងក្នុងរដូវរងានេះ

BY
autoadmin
December 14, 2022

ប្រទេសរាប់សិបបានសន្យាផ្តល់ជំនួយជាង ១ ពាន់លានអឺរ៉ូ ឬប្រហែល ១.១ ពាន់លានដុល្លារ សម្រាប់ជាជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីជួយប្រជាជននៅទីនោះឱ្យរួចផុតពីអាកាសធាតុត្រជាក់ក្នុងរដូវរងា។ កិច្ច​ព្រមព្រៀង​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សន្និសីទ​ជំនួយ​មួយ ​ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​អង្គារ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្ថិតនៅក្នុងសន្និសីទនោះ ដោយមានគណៈប្រតិភូជាង ៤០ ប្រទេសចូលរួម។ ប្រទេសបារាំងបានផ្តួចផ្តើមកិច្ចប្រជុំនេះ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនខ្វះថាមពល កម្ដៅ និងទឹកទូទាំងប្រទេស។

រដ្ឋាភិបាលបារាំងបាននិយាយថា ៤០% នៃជំនួយដែលបានសន្យា នឹងត្រូវជួយដល់ការស្ដារការផ្គត់ផ្គង់ថាមពល រួមទាំងការផ្តល់ម៉ាស៊ីនភ្លើងផងដែរ។ ក្រុមហ៊ុនឯកជនជាង ៧០០ នៅប្រទេសបារាំង ក៏បានចូលរួមក្នុងសន្និសីទនេះផងដែរ។ ពួកគេមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការជួសជុលស្ពាន និងផ្លូវដែកក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាល​បារាំង​មាន​គម្រោង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ដោយ​មានទាំង​ជំនួយ​ហិរញ្ញវត្ថុទៀតផង។ ជាក់ស្ដែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Bruno Le Maire មានប្រសាសន៍ថា វិស័យសាធារណៈ និងឯកជនរបស់បារាំង នឹងរួមគ្នាជួយដល់ការកសាងឡើងវិញរបស់អ៊ុយក្រែន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់ដ៏ធំរបស់បារាំងបានប្រាប់ NHK ថា គាត់បានចូលរួមសន្និសីទដើម្បីប្រមូលព័ត៌មានអំពីគម្រោងនានាក្នុងប្រទេសអ៊ុយក្រែន។ លោក​បាន​និយាយ​ថា ប្រទេស​បារាំង​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការ​កសាង​ឡើង​វិញ​៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: