ឆម ស្រីផាច ក្រោយបញ្ចប់ការសិក្សាផ្នែក Business ដាក់ពាក្យធ្វើការតែមិនជាប់ ចុងក្រោយក៏សម្រេចមកផលិតវីដេអូអាហារបែបស្រុកស្រែវិញ ផ្ទុះការគាំទ្រយ៉ាងខ្លាំង
- December 16, 2022
(ភ្នំពេញ)៖ ឆម ស្រីផាច យុវតីខ្មែរផលិតវីដេអូអាហារបែបស្រុកស្រែចម្ការជាមួយសំនៀងរដឺនៗ បច្ចុប្បន្នទទួលបានការគាំទ្រខ្លាំងពីមហាជន ហើយពេលនេះហ្វេសប៊ុកផេករបស់កញ្ញាមានអ្នកតាមដល់ទៅ ១លាននាក់ឯណោះ។ នៅថ្ងៃនេះដែរ កញ្ញា ឆម ស្រីផាច ក៏បានធ្វើការផ្តល់សម្ភាសន៍ជាមួយនឹងក្រុមការងារ KHMERNOTE នូវប្រវត្តិខ្លះៗរបស់កញ្ញា។ យុវតីរូបនេះមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Business។ កញ្ញាបានប្រាប់ថា តាមពិតឡើង កញ្ញាបានបង្កើតផេកតាំងពីឆ្នាំ២០១៧ ប៉ុន្តែដោយខ្លួនមមាញឹកជាមួយនឹងការសិក្សា ក៏បានផ្អាកសកម្មភាពនៅក្នុងផេករហូតដល់ទៅ៣-៤ឆ្នាំ។ ស្រីផាច បានបន្តថា ក្រោយបញ្ចប់ការសិក្សាភ្លាម ខ្លួនក៏ធ្លាប់បានដាក់ពាក្យចូលធ្វើការដែរ តែគេបានបដិសេដមិនជ្រើសរើស ខ្លួនក៏សម្រេចចិត្តមកផលិតវីដេអូវិញតែម្តង។

កត្តាដែលធ្វើឱ្យខ្លួនចាប់ផ្តើមផលិតមាតិកាវីដេអូអាហារបែបនេះ កញ្ញាបានឱ្យដឹងថា ដោយសារតែមានបងប្រុសជាអ្នកផលិតវីដេអូស្រាប់ ហើយគាត់ផ្តល់យោបល់អោយកញ្ញាផង ទើបខ្លួនជ្រើសរើសការថតម្ហូបនេះ។ «ជាមួយនឹងការចាប់ផ្តើមផលិតវីដេអូនេះដំបូងឡើងគឺមានឧបសគ្គគួរសមដោយយើងមានបញ្ហាថវិកាសម្រាប់ទិញម្ហូប បញ្ហាឧបករណ៍ថតព្រោះខ្ញុំកាលដំបូងមានត្រឹមតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ តែមួយរយៈចុងក្រោយនេះខ្ញុំបានសន្សំលុយទិញទូរស័ព្ទថ្មីមួយទៀតទុកគ្រាន់ថត»។ ទាក់ទងនឹងក្រុមការងារ កញ្ញាបានឱ្យដឹងថា ជាទូទៅកញ្ញាថតបាន១ទៅ២វីដេអូក្នុងមួយថ្ងៃ មានក្រុមការងារ២នាក់ ពោលគឺ កញ្ញា និងអ្នកថតដែលត្រូវជាប្អូនបង្កើត ដោយពេលខ្លះក៏មានឪពុកម្តាយរបស់ខ្លួនជួយនិងគាំទ្រចំពោះការផលិតមាតិកានេះផងដែរ។
ឆម ស្រីផាច បានឱ្យដឹងថា ខ្លួនទើបតែបានធ្វើវីដេអូពេញលេញរយៈពេល៤ខែចុងក្រោយនេះទេ ប៉ុន្តែមិននឹកស្មានថាមានការគាំទ្រខ្លាំងពីមហាជន ដូច្នេះហើយជាមួយនឹងការគាំទ្រយ៉ាងខ្លាំងក្លា កញ្ញា ឆម ស្រីផាច បានសម្តែងក្តីរីករាយជាខ្លាំង និងអរគុណពុកម៉ែបងប្អូន ដែលបានគាំទ្រ៕


- Share This Post:






