ថៃព្រមានពលរដ្ឋមិនឱ្យពិសាគ្រឿងស្រវឹង ដើម្បីរក្សាកម្តៅក្នុងខ្លួនក្នុងរដូវរងានោះឡើយ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិត
- BY
- autoadmin
- December 16, 2022
ក្រសួងសុខាភិបាលថៃបានព្រមានប្រជាពលរដ្ឋរបស់ខ្លួន មេត្តាកុំពិសាគ្រឿងស្រវឹង ដើម្បីរក្សាកម្តៅក្នុងខ្លួននៅរដូវរងាឱ្យសោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោកវេជ្ជបណ្ឌិត Manus Potaporn អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជននៅភាគខាងជើង និងភាគឦសាន ជារឿយៗមានការយល់ខុសថា ការផឹកស្រាធ្វើឱ្យរាងកាយមានភាពកក់ក្តៅក្នុងរដូវរងា។ តាមពិតទៅ ការផឹកស្រាធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែករីកធំ ហើយធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែនឹងត្រឡប់មកជាត្រជាក់វិញយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យរាងកាយទៅជាខ្វះកម្តៅ (hypothermia) ដែលអាចនាំឱ្យខូចសរីរាង្គ និងស្លាប់»។

លោកបណ្ឌិត Manus Potaporn បានបន្ថែមថា ជាតិអាល់កុលក៏ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយផងដែរ ដោយបង្កើនហានិភ័យ ឆាប់ងងុយដេក ឬឆាប់ដេកលក់ក្នុងអាកាសធាតុត្រជាក់ ដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ លោកក៏បានកត់សម្គាល់ផងដែរ ពីផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹងលើគ្រួសារ និងសហគមន៍ ជាពិសេសការផឹកស្រា និងការបើកបរ ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Sarayuth Boonchaipanitwattana នាយកវិទ្យាស្ថាន Princess Mother National Treatment on Drug Abuse ក៏បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែថែរក្សាខ្លួនក្នុងរដូវរងា ដោយស្លៀកពាក់ឱ្យកក់ក្តៅ បរិភោគអាហារដែលមានសុខភាពល្អ ជាពិសេសបន្លែ និងផ្លែឈើ ផឹកទឹកក្តៅឧណ្ហៗ ហាត់ប្រាណ និងងូតទឹកក្តៅឧណ្ហៗ ដើម្បីរក្សាសីតុណ្ហភាពរាងកាយរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






