អន្តរជាតិ

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ការពារជាតិមួយ ដែលរួមមានជំនួយ ១០ ពាន់លានដុល្លារ សម្រាប់កោះតៃវ៉ាន់ក្នុងរយៈពេល ៥ឆ្នាំ

BY
autoadmin
December 16, 2022

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ការពារជាតិមួយ ដែលមានរួមបញ្ចូលទាំងជំនួយយោធារហូតដល់ ១០ ពាន់លានដុល្លារ សម្រាប់កោះតៃវ៉ាន់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ព្រឹទ្ធសភាបានអនុម័តច្បាប់ស្តីពីការអនុញ្ញាតជំនួយការពារជាតិឆ្នាំ២០២៣ ឬ NDAA ដោយសំឡេងយ៉ាងច្រើនលើសលប់កាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីព្រាងច្បាប់នេះបានអនុញ្ញាតឱ្យមានការចំណាយលើវិស័យការពារជាតិចំនួន ៨៥៨ ពាន់លានដុល្លារ រួមទាំងរហូតដល់ ១០ ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សម្រាប់តៃវ៉ាន់ ដែលប្រឈមនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន។

លើសពីនេះ វាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកផ្តល់អាវុធដល់តៃវ៉ាន់ ដែលមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារ រាល់ឆ្នាំសារពើពន្ធ។ ច្បាប់នេះបែងចែកថវិកាជាង ១០ ពាន់លានដុល្លារ ដល់មូលនិធិដើម្បីពង្រឹងសមត្ថភាពការពារនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលមានការកើនឡើងនៃវត្តមានយោធារបស់ប្រទេសចិន។ វាក៏ផ្តល់ជំនួយយោធាចំនួន ៨០០ លានដុល្លារ សម្រាប់អ៊ុយក្រែនផងដែរ។ ច្បាប់នេះនឹងចូលជាធរមានបន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន ចុះហត្ថលេខាសម្រេចលើវា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: