អន្តរជាតិ

លោក Elon Musk បានបើកការស្ទង់មតិមួយថា តើគាត់គួរតែលាលែងពីតំណែងជា CEO របស់បណ្ដាញ Twitter ដែរ ឬទេ?

BY
autoadmin
December 19, 2022

នាយកប្រតិបត្តិ Twitter លោក Elon Musk បានចាប់ផ្តើមការស្ទង់មតិមួយកាលពីថ្ងៃអាទិត្យ ដោយបានសួរអ្នកប្រើប្រាស់ថា តើគាត់គួរចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន ឬយ៉ាងណា។ ការស្ទង់មតិនោះ បានស្នើឱ្យអ្នកប្រើប្រាស់ចុច «បាទ/ចាស» ឬ «ទេ» ក្នុងរយៈពេល ១២ ម៉ោង ហើយលោក Musk បាននិយាយថា លោកនឹងគោរពទៅតាមលទ្ធផលស្រង់មតិ។ ការស្ទង់មតិមួយនោះ ទទួលបានការបោះឆ្នោតជាង ៤ លាន ក្នុងរយៈពេលមួយម៉ោងដំបូង ហើយគ្រោងនឹងបិទនៅម៉ោងប្រហែល ១១:២០ នាទី UTC នៅថ្ងៃចន្ទ។

ជម្រាបដែរថា លោក Musk តែងតែប្រើការស្ទង់មតិស្រដៀងគ្នានៅលើ Twitter ដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗពាក់ព័ន្ធនឹងបណ្ដាញសង្គមមួយនេះ។ វារួមបញ្ចូលទាំងការស្ទង់មតិ ថាតើត្រូវបញ្ចូលគណនីរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ឡើងវិញដែរ ឬទេ។ យ៉ាងណាលោក Musk ក៏ត្រូវ​រង​ការ​រិះគន់ច្រើនផងដែរ ​ចំពោះ​របៀប​ដែល​គាត់​កំពុង​ដឹកនាំ Twitter ខណៈ​បាន​ផ្អាក​គណនី​អ្នក​សារព័ត៌មានមួយចំនួន​ ដែល​បាន​សរសេរ​អត្ថបទ​រិះគន់​គាត់។ លោកក៏បានអនុវត្តច្បាប់ថ្មីដែលហាមប្រាមការបង្ហោះ ដែលផ្សព្វផ្សាយ និងមានតំណភ្ជាប់ទៅកាន់បណ្ដាញសង្គមដែលជាគូប្រជែងមួយចំនួនដូចជា Facebook និង Instagram ជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: