លើកមុននៅខ្មែរ ឥលូវនៅថៃម្តង! ឡានដឹកស្រាបៀរជួបគ្រោះថ្នាក់ជ្រុះស្រាបៀរពេញផ្លូវ ប្រជាជនថៃឃើញនាំគ្នាសម្រុកទៅប្រមូលស្រាបៀរទុក ដឹកទាំងម៉ូតូៗតែម្តង
ថៃ៖ មនុស្សជាច្រើនបានប្រញាប់ប្រញាល់ប្រមូលកំប៉ុងស្រាបៀរនៅតាមដងផ្លូវកាលពីព្រឹកថ្ងៃទី១១ ខែមករា ម្សិលមិញនេះ បន្ទាប់ពីស្រាបៀរលីអូរាប់ពាន់កំប៉ុងនេះបានរមៀលជ្រុះពីឡានដឹករបស់វាតាមបណ្តោយផ្លូវក្នុងតំបន់រ៉ាសាដា។ មន្ត្រីប៉ូលីសត្រូវបានគេជូនដំណឹងអំពីឧបទ្ទវហេតុនេះនៅម៉ោងប្រហែល ៦ព្រឹក ក៏ប៉ុន្ដែដោយសារតែមិនទាន់ដល់ពេល ដែលប៉ូលីសចរាចរត្រូវបំពេញភារកិច្ច ក្រុមមន្ត្រីបានមកដល់កន្លែងកើតហេតុនៅលើផ្លូវ Kingkaew-Uthit រៀងយឺតពេលទៅហើយ។
នៅពេលមកដល់មន្ត្រីប៉ូលីសបានរកឃើញមនុស្សជាច្រើនបានប្រមូល និងយកចេញនូវកំប៉ុងស្រាបៀរជាច្រើនតាម ដែលពួកគេអាចធ្វើបាន។ ខណៈពេលដែលអ្នកផ្សេងទៀតបានជួយប្រមូលសំបកកំប៉ុង និងលាងជម្រះផ្លូវ ដោយសារកំប៉ុងស្រាបៀរមួយចំនួនបានបែកធ្លាយខូចខាតនៅលើផ្លូវ។ អ្នកបើកបរឡានដឹកទំនិញមិនរងរបួសអ្វីទេ ហើយឡានដឹកទំនិញក៏មិនបានខូចខាតដែរ។
មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែបើតាមការស៊ើបអង្កេតជាបឋមវាហាក់បីដូចជាគ្រាន់តែមានការធ្លាក់ស្រាបៀរពីលើឡានដោយសារការទុកដាក់មិនល្អប៉ុណ្ណោះ។ យ៉ាងណាមិញលោក Pongpop Prasopichai ប្រធានស្នងការប៉ូលីសចរាចរទីក្រុងភូកេតបានប្រាប់កាសែតថា៖ «ការយកទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកដទៃគឺជាទង្វើលួច មន្ត្រីប៉ូលីសនឹងរង់ចាំម្ចាស់ស្រាបៀរដើម្បីសម្រេចថា តើពួកគេចង់ដាក់ពាក្យបណ្តឹងទាមទារសំណង ឬអត់? បន្ទាប់មកទៀតនគរបាលអាចនឹងធ្វើការចោទប្រកាន់អ្នកដែលពាក់ព័ន្ធទាំងនោះ»៕





អត្ថបទ៖ លីដា
ប្រភព៖ thephuketnews