កងទ័ពជើងទឹករបស់ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធដែនទឹករួមគ្នានៅសមុទ្រចិនខាងកើត
- BY
- autoadmin
- December 22, 2022
កងទ័ពជើងទឹករបស់ចិន និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត ចេញពីខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ ទូរទស្សន៍កណ្តាលរបស់ប្រទេសចិន ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា សមយុទ្ធកំពុងធ្វើឡើងចាប់ពីថ្ងៃពុធដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយគោលបំណងជាក់ស្តែងនៃសមយុទ្ធនេះ គឺដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពជើងទឹកប្រទេសទាំង ២ ក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខដែនសមុទ្រ។

ភាគីចិនបានបញ្ជូននាវាពិឃាតបំពាក់ដោយមីស៊ីល នាវាមុជទឹក និងនាវាផ្សេងទៀត ខណៈដែលកងនាវានៃកងទ័ពជើងទឹករុស្ស៊ី រួមមាននាវាចម្បាំងបំពាក់ដោយមីស៊ីល និងនាវាហ្វ្រេហ្គាត និងប្រភេទផ្សេងៗទៀត។
អ្នកនាំពាក្យរបស់កងទ័ពជើងទឹកចិនបាននិយាយថា សមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលបានបន្តតាំងពីឆ្នាំ២០១២ មួយនេះ ពង្រឹងមិត្តភាព និងបង្កើនសមត្ថភាពនៃប្រតិបត្តិការដែនសមុទ្ររួមគ្នា។ កងកម្លាំងអាកាសរបស់ប្រទេសទាំង ២ កាលពីខែមុន ក៏បានធ្វើការល្បាតតាមអាកាសរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ក្នុងចំណោមដែនទឹកផ្សេងទៀត។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការបង្កើនកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំង ២ អាចមានគោលបំណងដើម្បីទប់ទល់ឥទ្ធិពលសហរដ្ឋអាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






