យន្តហោះយោធាចិនរាប់សិបគ្រឿង ត្រូវបានគេឃើញហោះហើរជុំវិញកោះតៃវ៉ាន់
- BY
- autoadmin
- December 22, 2022
ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញសកម្មភាពរបស់យន្តហោះយោធាចិនសរុបចំនួន ៣៩ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៣ គ្រឿង នៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។ ក្រសួងបាននិយាយថា ក្នុងចំណោមយន្តហោះយោធាទាំងនោះ មានយន្តហោះគ្មានមនុស្សបើក១ បានឆ្លងកាត់ខ្សែបន្ទាត់មេឌីយ៉ាន (the median line) របស់ច្រកសមុទ្រតៃវ៉ាន់។ ខ្លួនបាននិយាយថា យន្តហោះចំនួន ២៩ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 យន្តហោះទម្លាក់គ្រាប់បែក H-6 និងនាវាផ្ទុកប្រេងតាមអាកាស Y-20 បានហោះពីលើដែនទឹកភាគខាងត្បូងនៃខ្សែបន្ទាត់ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។

ក្រសួងបាននិយាយថា យន្តហោះមួយចំនួនបានឆ្លងកាត់ច្រក Bashi Channel រវាងតៃវ៉ាន់ និងហ្វីលីពីន បន្ទាប់មកបានចូលទៅក្នុងតំបន់ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ នៅផ្នែកប៉ាស៊ីហ្វិក មុនពេលធ្វើដំណើរដូចគ្នាត្រឡប់ទៅប្រទេសចិនវិញ។ ជាមួយគ្នានេះ នាវាផ្ទុកយន្តហោះចិន Liaoning កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន។ បច្ចុប្បន្នចិនក៏កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ជាមួយរុស្ស៊ីនៅសមុទ្រចិនខាងកើតផងដែរ។ អ្នកជំនាញខាងយោធាតៃវ៉ាន់ លោក Chieh Chung បាននិយាយថា ការហោះហើររបស់យន្តហោះចម្បាំងចិនជាច្រើនគ្រឿង អាចជាប់ទាក់ទងនឹងការស្ទង់មើលរបស់នាវាផ្ទុកយន្តហោះ Liaoning ។
លោកបាននិយាយថា ខណៈពេលដែលលោកមិនគិតថា នេះគឺជាការភ្ជាប់ដោយផ្ទាល់ទៅនឹងសមយុទ្ធរួមប្រចាំឆ្នាំរវាងចិន និងរុស្ស៊ី វាជាការងាយស្រួលសម្រាប់ប្រទេសចិន ក្នុងការឱ្យប្រជាជនគិតថាប្រទេសទាំង ២ អាចនឹងកំពុងមានទំនាក់ទំនងយោធារួមគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






