សហរដ្ឋអាមេរិក៖ កូរ៉េខាងជើងបានបញ្ជូនសព្វាវុធទៅជួយដល់កងកម្លាំងរុស្ស៊ី
- BY
- autoadmin
- December 23, 2022
អាមេរិកបានអះអាងថា ខ្លួនបានបញ្ជាក់ពីការសង្ស័យពាក់ព័ន្ធនឹងជំនួយសព្វាវុធទៅឱ្យកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ដោយបាននិយាយថា ក្រុមហ៊ុនយោធាឯកជនរបស់រុស្សី «The Wagner Group» បានដឹកជញ្ជូនសព្វាវុធពីកូរ៉េខាងជើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា៖«កាលពីខែមុន កូរ៉េខាងជើងបានបញ្ជូនគ្រាប់រ៉ុក្កែត និងមីស៊ីល ទៅរុស្ស៊ីតាមរយៈក្រុមហ៊ុន Wagner។ យើងបានវាយតម្លៃថា បរិមាណសម្ភារៈតាមរយៈក្រុម Wagner នឹងមិនធ្វើឱ្យសមរភូមិនៅអ៊ុយក្រែនផ្លាស់ប្ដូរទេ។ ប៉ុន្តែយើងពិតជាមានការព្រួយបារម្ភ។ កូរ៉េខាងជើងគ្រោងនឹងផ្តល់សម្ភារៈយោធាបន្ថែមទៀត»។

ជម្រាបដែរថា មន្ត្រីអាមេរិកកំពុងព្រមានក្រុងព្យុងយ៉ាងកុំឱ្យលក់អាវុធបន្ថែមទៀតទៅឱ្យរុស្ស៊ី និងបានចោទកូរ៉េខាងជើងថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពួកគេក៏បានរិះគន់ក្រុម Wagner សម្រាប់តួនាទីរបស់ខ្លួននៅអ៊ុយក្រែន ដោយសារក្រុមហ៊ុនបានដាក់ពង្រាយបុគ្គលិកចំនួន ៥០,០០០ នាក់ ទៅសមរភូមិ រួមមានទាំងអ្នកទោសចំនួន ៤០,០០០ នាក់ មកពីពន្ធនាគាររុស្ស៊ីផងដែរ។
យ៉ាងណាក៏ដោយលោក Yevgeny Prigozhin ដែលជាម្ចាស់ក្រុម Wagner និងមានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបដិសេធការចោទប្រកាន់អំពីការដឹកជញ្ជូនសព្វាវុធនេះ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា ក្រសួងការបរទេសកូរ៉េខាងជើងបានហៅការអះអាងនេះថា «គ្មានមូលដ្ឋាន» ហើយបានថ្កោលទោសអាមេរិក ដែលបានផ្តល់អ្វីដែលខ្លួនហៅថាអាវុធដ៍សាហាវដល់អ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






