សិស្សវិទ្យាល័យមួយនៅខេត្តកំពត ធ្វើឱ្យមហាជនអាណិតអាសូរជាខ្លាំង ទោះមានត្រឹមរោងតូចមួយស្នាក់អាស្រ័យ តែតស៊ូរៀនរហូតជាប់និទ្ទេស A
- BY
- Naren
- December 27, 2022
(កំពត)៖ យុវតីមួយរូបមានឈ្មោះ ឆាំ ខេម៉ា មកពីវិទ្យាល័យអង្គរមាស ស្រុកដង់ទង់ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេសA។ ជាមួយគ្នានេះដែរ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវជីវិត ប្អូនស្រីជាជ័យលាភីនិទ្ទេសAរូបនេះ ដែលប្អូនស្រីមានជីវភាពខ្វះខាតខ្លាំង ដោយសូម្បីផ្ទះគ្មាននៅផង គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Anana Cuty បានសរសេររៀបរាប់ថា៖ «សុំនិយាយពីសិស្ស ឆាំ ខេម៉ា និន្ទេសA នៃវិទ្យាល័យអង្គរមាស បន្តិច ដោយសារកូនធ្លាប់ជាអតីតសិស្សរបស់លោកគ្រូ តាំងពីសាលាបឋមមកម្ល៉េះ ហើយក៏បានរៀនជាមួយអ្នកគ្រូថ្នាក់ទី៧ និងទី១១បានបន្តិច តែអ្វីដែលអ្នកគ្រូបានដឹងគឺ នាងជាសិស្សម្នាក់ដែលមានសីលធម៌ល្អ មានសុជីវធម៌ល្អ មានចិត្តកតញ្ញូដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ព្រមទាំងមិត្តភក្តិជាពិសេសនោះអ្វីដែលប្អូនមិនដែលបោះបង់នោះ ទោះបីគ្រួសារក្រក្រីយ៉ាងណាក៏ដោយប្អូនមិនដែលត្អូញត្អែរឬនិយាយប្រាប់ទៅគ្រូណាម្នាក់បានដឹងឡើយ។
ថ្ងៃនេះទើបដឹងច្បាស់ពីប្អូនថា រាល់ថ្ងៃប្អូនមានបងប្អូន៤ នាក់ហើយនាងជាកូនទី១ក្នុងគ្រួសារ ដោយសារជីវភាពខ្វះខាតគ្រួសារត្រូវបង្ខំលក់ផ្ទះ ដើម្បីកូនរៀន សព្វថ្ងៃប្អូនថាមិនមានផ្ទះទេ គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន ពេលដែលឮបែបហ្នឹងអ្នកគ្រូសែនអាណិតនិងស្ងើចសរសើរកូនដែលបានតស៊ូដល់ចំណុចនេះ។ ថ្ងៃនេះប្អូនបានមកលេងអ្នកគ្រូនិងលោកគ្រូថែមទាំងយកផ្លែឈើមកទៀត។ អរគុណណាស់សម្រាប់ទឹកចិត្តមួយនេះកូន។ ជូនពរកូនអោយជោគជ័យក្នុងជីវិត ជាពិសេសសូមអោយកូនបានសម្រេចតាមប្រាថ្នាណាកូន។ បើបងប្អូនសប្បុរសធម៌ចង់ជួយដល់ប្អូនអាចទាក់ទងប្អូនក៏បានឬតាមអ្នកគ្រូក៏បាន សូមអរគុណ»៕



- Share This Post:






