យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធភ្លាមៗ បន្ទាប់ពីបរាជ័យក្នុងការបញ្ឈប់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង
- BY
- autoadmin
- December 30, 2022
យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធ ដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដែលបានរំលោភលើដែនអាកាសរបស់ខ្លួន។ ការរិះគន់បានកើនមានឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានខកខានក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៥ គ្រឿង ដែលឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំង ២ កាលពីថ្ងៃចន្ទ។ ឧទ្ធម្ភាគចក្រយោធាកូរ៉េខាងត្បូង និងយន្តហោះផ្សេងទៀត បានព្យាយាមបាញ់ទម្លាក់ពួកគេដោយបាញ់ជាង ១០០គ្រាប់ ដោយមិនជោគជ័យ។

កាលពីថ្ងៃព្រហស្បតិ៍ យោធាបានធ្វើសមយុទ្ធដែលមានការចូលរួមពីកម្លាំងទ័ពអាកាស និងកងទ័ពជើងគោករបស់ខ្លួន នៅជិតទីក្រុងសេអ៊ូល ក្រោមសេណារីយ៉ូសម្មតិកម្មនៃការជ្រៀតចូលយន្តហោះគ្មានមនុស្សបើក។ អគ្គសេនាធិការចម្រុះបាននិយាយថា យន្តហោះប្រហែល ២០ គ្រឿង រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ ត្រូវបានដាក់ចល័ត ហើយពួកគេបានអនុវត្តការស្វែងរក កំណត់អត្តសញ្ញាណ តាមដាន និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក។
យោធាក៏បានបញ្ចេញរូបថតដែលបង្ហាញពីទាហានជើងគោកដែលចូលរួមក្នុងសមយុទ្ធ ដោយបាននិយាយថា ទាហានបានអនុវត្តការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកជាមួយអាវុធ autocannon និងមីស៊ីលពីដីទៅអាកាស។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម និងការសងសឹក ប្រឆាំងនឹងអ្វីដែលលោកហៅថា«សកម្មភាពរំលោភលើសេរីភាពរបស់យើង» ហើយថា នេះជាមធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ការញុះញង់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






