អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៥ នាក់បាត់បង់ជីវិត និង ៣៧ នាក់បានរងរបួស ក្រោយអគ្គីភ័យដ៏សាហាវបានឆាប​ឆេះ​ផ្លូវ​អាកាសមួយនៅកូរ៉េខាងត្បូង

BY
autoadmin
December 30, 2022

យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និង ៣៧ នាក់បានរងរបួស គិតត្រឹមម៉ោង ៥ល្ងាច ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ ខណៈ​ភ្លើង​បាន​ឆាប​ឆេះ​ផ្លូវ​អាកាសមួយ ក្នុងទី​ក្រុង Gwacheon ខេត្ត Gyeonggi ​របស់កូរ៉េខាងត្បូង។ ប្រធានាធិបតីលោក Yoon Suk-yeol បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់នៅកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការស្លាប់បន្ថែមទៀត។ លោកក៏បានបញ្ជាឱ្យត្រួតពិនិត្យគ្រប់រចនាសម្ព័ន្ធផ្លូវ ដូចជារបាំងការពារ ដើម្បីពិនិត្យមើលថា តើសម្ភារៈទាំងនោះងាយនឹងឆេះ ឬយ៉ាងណា ក្នុងវិធានការទប់ស្កាត់អគ្គិភ័យកុំឱ្យកើតឡើងវិញ នេះបើយោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតី។

ហេតុការណ៍​នេះ​ត្រូវ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ជា​លើក​ដំបូង​នៅ​វេលា​ម៉ោង​ ១​ និង ​៤៩ ​នាទី​រសៀល ។ នៅលើផ្លូវអាកាសហាយវេទី២ របស់ខេត្ត Gyeongin ភាគខាងកើតជិតនឹងផ្លូវ Uiwang Interchange។ អគ្គីភ័យបានឆាបឆេះរចនាសម្ព័ន្ធផ្លូវអាកាសដែលមានប្រវែងរាប់រយម៉ែត្រ ឆ្លងកាត់បរិវេណឧស្សាហកម្មមួយឈ្មោះថា ទីក្រុងព័ត៌មានចំណេះដឹង Gwacheon ។ រថយន្ត ៤៤ គ្រឿង បានជាប់នៅក្រោមរចនាសម្ព័ន្ធតាមបណ្តោយផ្លូវ នៅពេលដែលភ្លើងបានឆាបឆេះ ដែលបណ្តាលឱ្យអ្នកបើកបរចេញពីរថយន្តរបស់ពួកគេហើយរត់ចេញពីភ្លើង។ អគ្គិភ័យ​នេះ​ផ្តើម​ចេញពី​ការ​ប៉ះគ្នារវាងរថយន្ត​ដឹក​ទំនិញ​ និង​រថយន្តក្រុង​ ដែល​ឆាប់​ឆេះ​ដល់​របាំងខ្ទប់សំឡេងរបស់​ផ្លូវអាកាសនោះ។

រហូតមកដល់ពេលនេះ ឧបករណ៍ចំនួន ៩៤ រួមទាំងរថយន្តពន្លត់អគ្គីភ័យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដោយរួមមានរថយន្តពន្លត់អគ្គិភ័យចំនួន ២១៩ គ្រឿង។ សមត្ថកិច្ចបានឱ្យដឹងថា ពួកគេបានពន្លត់អណ្តាតភ្លើងនៅវេលាម៉ោង ៣ និង ១៨នាទីរសៀល ហើយបានពន្លត់ភ្លើងទាំងស្រុងនៅម៉ោង ៤និង ១២នាទីរសៀល។ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក៏​កំពុង​ពិនិត្យ​បន្ថែម​ទៀត ​អំពី​កម្រិត​នៃ​ការ​ខូចខាត និង​មូលហេតុ​នៃ​ការ​ឆេះ​នេះ​។ ប៉ូលីសបានចល័តមន្រ្តីប៉ូលីសជាង ២៤០ នាក់ ដើម្បីបិទចរាចរណ៍ពីទិសដៅទាំង ២ នៅជិតទីតាំងនៅលើផ្លូវល្បឿនលឿនដែលតភ្ជាប់កោះ Yeongjongdo ក្នុងទីក្រុង Incheon និង Seongnam ខេត្ត Gyeonggi បន្ទាប់ពីឧប្បត្តិហេតុដ៏សាហាវនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: