អន្តរជាតិ

ក្មេងប្រុសវៀតណាមអាយុ ១០ឆ្នាំម្នាក់ បានដើរធ្លាក់ចូលក្នុងសសរខួងស៊ីម៉ង់ជម្រៅ ៣៥ម៉ែត្រ, អស់រយៈពេល ៣ថ្ងៃហើយនៅតែមិនទាន់អាចសង្គ្រោះបាន

BY
autoadmin
January 3, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា មនុស្សរាប់សិបនាក់កំពុងព្យាយាមជួយសង្គ្រោះក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលទៅក្នុងសសរខួងស៊ីម៉ង់ជម្រៅ ៣៥ម៉ែត្រ នៅក្នុងខេត្ត Dong Thap ភាគខាងត្បូងប្រទេសវៀតណាម។ ហេតុការណ៍បានកើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅពេលដែលក្មេងប្រុស Thai Ly Hao Nam និងគ្នីគ្នា ៣នាក់ បានទៅការដ្ឋានសាងសង់ស្ពានមួយ នៅលើផ្លូវខេត្តលេខ ៨៥៧ ក្នុងឃុំ Phu Loi ដើម្បីយកបំណែកដែកមួយចំនួន។ នៅពេលដើររើសបំណែកដែក ក្មេងប្រុសក៏បានធ្លាក់ចូលទៅក្នុងសសរខួងស៊ីម៉ង់ដែលមានអង្កត់ផ្ចិត ២៥ សង់ទីម៉ែត្រ និងជម្រៅប្រហែល ៣៥ ម៉ែត្រ ហើយក៏បានជាប់គាំងនៅក្នុងនោះតែម្ដងទៅ។

ក្រុមអ្នកជួយសង្គ្រោះបានធ្វើការខួងដើម្បីកាត់ចូលទៅក្នុងបេតុង ដើម្បីពង្រីករណ្តៅប្រហែល ១០ម៉ែត្រ ដើម្បីឱ្យរថយន្តស្ទូចអាចលើកសសរខួងស៊ីម៉ង់នោះបាន។ កម្មករក៏​បាន​យក​ធុង​អុកស៊ីហ្សែន ដើម្បី​ឱ្យ​ក្មេង​ដែល​ជាប់​នៅ​ក្នុង​នោះ​អាច​ដកដង្ហើមបាន។ រហូតដល់ម៉ោង​ប្រហែល ​២​ទៀប​ភ្លឺ ពួកគេបានប្រើ​រថយន្តស្ទូច​ទាញ​សសរ​ខួងស៊ីម៉ង់នោះចេះពី​ដី។ កម្មករ​បាន​និយាយ​ថា ដោយសារ​បង្គោល​នោះ​ជាប់​នឹង​ដី ដូច្នេះ​ត្រូវ​ប្រើ​កម្លាំង​ពី ១០ ទៅ ២០ ដង​ទៀត ​ដើម្បី​ទាញ​វាឡើង។ អ្នកសង្គ្រោះក៏បានបន្ថែមដែរថា វាពិតជានឹកស្មានមិនដល់ ដែលហេតុការណ៍នេះអាចកើតឡើងទៅរួច ដោយសារទំហំរបស់សរសរគឺប៉ុនដៃមនុស្សធំប៉ុណ្ណោះ ហើយវាពិតជាពិបាកនិយាយចំពោះស្ថានភាពសុខភាពរបស់ក្មេងប្រុសនៅពេលនេះ។ ប្រភពចុងក្រោយពី VNExpress បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃកន្លងមកនេះ ពួកគេនៅតែមិនទាន់អាចជួយសង្គ្រោះកុមារាម្នាក់នោះបានទេ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: