អន្តរជាតិ

លោក ពូទីន បញ្ជាឱ្យមានបទឈប់បាញ់រយៈពេល ៣៦ម៉ោង សម្រាប់ឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់

BY
autoadmin
January 6, 2023

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងកម្លាំងរបស់លោកបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនរយៈពេល ៣៦ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃសុក្រវេលាថ្ងៃត្រង់ម៉ោងនៅទីក្រុងមូស្គូ ប៉ុន្តែទីក្រុងគៀវបានច្រានចោលភ្លាមៗនូវទង្វើនេះថា ជាទង្វើមួយ ដែលទំនងជាមិនបន្ថយជម្លោះដែលកំពុងឈានទៅដល់ឆ្នាំទី ២ នោះទេ។ វិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានចេញបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់របស់រុស្ស៊ី។ វាធ្វើតាមការអំពាវនាវរបស់សម្តេចសង្ឃមកពីព្រះវិហារ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានច្រានចោលការប្រកាសបទឈប់បាញ់របស់រុស្ស៊ី ដោយពណ៌នាថា វាជាការដាក់អន្ទាក់ដោយទីក្រុងមូស្គូ ដើម្បីទទួលបានការសម្រាកពីសង្គ្រាម ដើម្បីឈានទៅបង្កើនសង្រ្គាមថ្មីទៀត។ គាត់បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់គាត់ថា៖«ពួកគេចង់ប្រើបុណ្យណូអែលជាការបិទបាំង ដើម្បីបញ្ឈប់ការវាយលុកកម្លាំងរបស់យើងនៅ Donbas យ៉ាងហោចណាស់មួយរយៈ ហើយដាក់ពង្រាយឡើងវិញនូវរថយន្តយោធា គ្រាប់រំសេវ និងការចល័តបុរសឱ្យកាន់តែជិតនឹងទីតាំងរបស់យើង។ តើ​វា​នឹង​នាំ​មក​នូវ​អ្វី? វាច្បាស់នឹងមាន​អ្នក​រង​របួស​ច្រើន​ជាង​នេះ»។ ពោលគឺក្រុង​គៀវ​បាន​ទាមទារ​ក្រុង​ម៉ូស្គូ​ឱ្យដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​ ជា​លក្ខខណ្ឌ​សម្រាប់​បទ​ឈប់​បាញ់​ណាមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: