អន្តរជាតិ

កម្មកររោងចក្រ​ផលិតឧបករណ៍តេស្តកូវីដ-១៩ នៅចិនប្រមាណ ១,០០០ នាក់បានចេញមកធ្វើការតវ៉ា ដោយសារតម្រូវការ និងតម្លៃឧបករណ៍មានការថយចុះខ្លាំង

BY
autoadmin
January 9, 2023

ការតវ៉ាដ៏ធំមួយបានផ្ទុះឡើងនៅរោងចក្រផលិតឧបករណ៍ធ្វើតេស្ត COVID-19 នៅទីក្រុងមួយ របស់ចិនដីគោកកាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលពីការធ្លាក់ចុះតម្រូវការណ៍ឧបករណ៍ធ្វើតេស្ត ដែលបណ្តាលមកពីការផ្លាស់ប្តូរភ្លាមៗនៃគោលនយោបាយជំងឺរាតត្បាតរបស់ប្រទេសនេះ។ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា កម្មករជាង ១,០០០ នាក់ បានប៉ះទង្គិចជាមួយប៉ូលីសជុំវិញការបញ្ឈប់ការងារ និងប្រាក់ឈ្នួលនៅទីក្រុង Chongqing ។ វីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ រ៉យទ័រ កាល​ពី​ថ្ងៃ​អាទិត្យ​ក៏បានបង្ហាញ​ថា ​មនុស្ស​ដែល​គេ​ជឿ​ថា ​ជា​កម្មករ​ស្រែក​និង​គប់​វត្ថុ​ដាក់​ប៉ូលិស។

រំលឹកផងដែរថា ប្រទេសចិនបានបញ្ចប់គោលនយោបាយ «zero-COVID» ដ៏តឹងរឹងរបស់ខ្លួន ហើយអាជ្ញាធរសុខាភិបាលក៏បានបញ្ជាឱ្យលែងមានការធ្វើតេស្ដ PCR និងអង់ទីហ្សែន (តេស្តរហ័ស) ចាប់ពីថ្ងៃអាទិត្យតទៅ។ ឥឡូវនេះការធ្វើតេស្តត្រូវបានកំណត់ជាចម្បងចំពោះបុគ្គលិកពេទ្យ និងអ្នកជំងឺដែលមានគ្រុនក្តៅប៉ុណ្ណោះ។ ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនគឺខ្វះខាតកាលពីខែមុនៗ ចំពេលមានការរីករាលដាលនៃការឆ្លងនៅទូទាំងប្រទេសចិន ប៉ុន្តែតម្លៃបានធ្លាក់ចុះនាពេលថ្មីៗនេះ ដោយសារការផ្គត់ផ្គង់មានច្រើនពេក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: