កូរ៉េខាងត្បូងចង់ស្នើច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើការ ៦៩ម៉ោង/សប្ដាហ៍ ដើម្បីសន្សំម៉ោងទុកឈប់ថ្ងៃក្រោយ
- BY
- autoadmin
- January 19, 2023
រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចង់អនុញ្ញាតឱ្យពលរដ្ឋអាចធ្វើការរហូតដល់ ៦៩ម៉ោង ក្នុងមួយសប្តាហ៍ និង ជម្រើសធ្វើការបន្ថែមម៉ោងជាថ្នូរនឹងការឈប់សម្រាក ដែលជាផែនការរំពឹងនឹងលើកកម្ពស់កំណើនជីវភាពគ្រួសារ រួមជាមួយនឹងផលិតភាពការងារ។ ផែនការនេះគ្រោងនឹងប្រកាសនៅខែក្រោយ ដែលវានឹងផ្តល់ភាពបត់បែនបន្ថែមទៀត នៅក្នុងទីផ្សារការងារ។ មន្ត្រីបាននិយាយថា ប្រជាជននឹងធ្វើការតិចថ្ងៃជាងមុន ដោយលើកទឹកចិត្តឱ្យពួកគេមានគ្រួសារ និងបង្កើនអត្រាមានកូន ដែលត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិតទាបជាសកលត្រឹម ០.៧ ក្នុងឆ្នាំ២០២៤។

សព្វថ្ងៃប្រទេសកូរ៉េខាងត្បូង គោរពច្បាប់ធ្វើការត្រឹម ៥២ម៉ោង ក្នុងមួយសប្ដាហ៍ (៤០ម៉ោង ជាម៉ោងការងារធម្មតា បូកនឹង ១២ ម៉ោង ជាការបន្ថែមម៉ោង) ដែលត្រូវបានដាក់ឡើងតាំងពីឆ្នាំ២០១៨។ នេះមានន័យថា ពលរដ្ឋមិនអាចធ្វើការម៉ោងធម្មតា និងម៉ោងបន្ថែម លើសពីម៉ោងកំណត់បានឡើយ ខណៈច្បាប់ថ្មីអនុញ្ញាតឱ្យពលរដ្ឋធ្វើការបន្ថែមម៉ោងច្រើនជាងមុន ដើម្បីបូកម៉ោងបន្ថែមទាំងនោះចូលគ្នា សម្រាប់ជាថ្នូរនឹងការឈប់សម្រាកឱ្យបានច្រើនថ្ងៃនៅពេលក្រោយទៀត។ ក្រសួងការងារ និងពលកម្ម បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ចាស់នេះដើរមិនទាន់សម័យកាលនោះទេ។ យ៉ាងណា ច្បាប់នេះត្រូវតែអនុម័តដោយរដ្ឋសភាជាមុនសិន ខណៈដែលសំឡេងភាគច្រើននៅរដ្ឋសភា គឺជាបក្សគូប្រជែងរបស់លោក Yoon៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






