ក្រុមហ៊ុនចិនមួយចិញ្ចឹមសត្វកន្លាតរាប់ពាន់លានក្បាល ដើម្បីឲ្យជួយស៊ីកាកសំណល់នានា (មានវីដេអូ)
ចិន៖ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានចិញ្ចឹមសត្វកន្លាត ១ ពាន់លានក្បាល ដើម្បីឲ្យសត្វកន្លាតទាំងនោះជួយស៊ីកាកសំណល់ផ្ទះបាយជាច្រើន ដែលគេសំអាតមិនទាន់។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា Shandong Qiaobin Agricultural Technology Co. ស្ថិតនៅក្នុងខេត្ត Shandong ភាគខាងជើងប្រទេសចិន។ បើតាមលោក Li Yanrong តំណាងក្រុមហ៊ុនខាងលើបានពន្យល់ឲ្យដឹងថា ជាធម្មតានៅក្នុងខេត្តរបស់គាត់បង្កើតកាកសំណល់ផ្ទះបាយចំនួន ៥៥ តោន ក្នុងមួយថ្ងៃ ហើយចំនួននេះគឺច្រើនដែលគេពិបាកក្នុងការគ្រប់គ្រងវាណាស់។ ដូចនេះហើយទើបក្រុមហ៊ុនរបស់លោកសម្រេចប្រើប្រាស់កន្លាត ១ ពាន់លានក្បាលនេះ ដើម្បីឲ្យពួកវាជួយស៊ីកាកសំណល់ទាំងនោះ។
តំណាងក្រុមហ៊ុនរូបនេះបន្តថា ក្រៅតែពីជួយស៊ីកាកសំណល់ផ្ទះបាយ សត្វកន្លាតទាំងនេះនៅមានប្រយោជន៍ជាច្រើនបន្ថែមទៀតដូចជា ធ្វើឲ្យដំណាំក្នុងតំបន់គេចិញ្ចឹមកន្លាតនោះរីកលូតលាស់បានល្អផងដែរ។ មួយវិញទៀតសត្វកន្លាត់មួយក្បាលអាចរស់បានជាមធ្យមគឺ ៣០០ ថ្ងៃ ហើយប្រសិនបើពួកវាអត់មានអាហារគឺរស់បាន ៩០ ថ្ងៃ និងរស់បាន ៤០ ថ្ងៃ ប្រសិនបើពួកវាអត់ទឹក ហើយក្រោយពេលដែលពួកវាងាប់ទៅ គឺគេអាចយកពួកវាទៅធ្វើជាចំណីឲ្យសត្វចិញ្ចឹមផ្សេងៗបានទៀតផង។ ជារួមវិធីសាស្ត្រមួយនេះគឺផ្តល់ប្រយោជន៍ច្រើនសម្រាប់វិស័យកសិកម្ម និងបរិស្ថាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark



