កំពង់ផែអ៊ុយក្រែន Odesa ត្រូវបានចាត់តាំងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
- BY
- autoadmin
- January 26, 2023
ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានសម្រេចចិត្តដាក់បញ្ចូលមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Odesa ក្នុងប្រទេសអ៊ុយក្រែន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ខ្លួនកាលពីថ្ងៃពុធនេះ។ Odesa ត្រូវបានគេហៅថាជា គុជនៃសមុទ្រខ្មៅ ខណៈវាបានអភិវឌ្ឍជាទីក្រុងកំពង់ផែក្នុងយុគសម័យនៃចក្រភពរុស្ស៊ី។ តំបន់នេះបានរីកចម្រើនជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រពាណិជ្ជកម្មតាមសមុទ្រ ដែលវប្បធម៌ និងជាតិសាសន៍ជាច្រើនបានបញ្ចូលគ្នា។

មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Odesa ក៏ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលស្ថិតក្នុងភាពគ្រោះថ្នាក់ផងដែរ។ ទីក្រុងនេះត្រូវបានរងការវាយប្រហារដោយកងកម្លាំងរុស្ស៊ី ហើយសារមន្ទីរវិចិត្រសិល្បៈត្រូវបានបំផ្លិចបំផ្លាញ។ នៅក្រោមអនុសញ្ញាបេតិកភណ្ឌពិភពលោកមានន័យថា មិនគួរមានភាគីណាមួយ ចាត់វិធានការដែលធ្វើឱ្យខូចខាតដល់តំបន់បេតិកភណ្ឌពិភពលោកឡើយ។ អគ្គនាយកអង្គការយូណេស្កូ លោក Audrey Azoulay បាននិយាយថា ការចាត់តាំង Odesa ជាតំបន់បេតិកភណ្ឌពិភពលោក បង្ហាញពីការប្តេជ្ញាចិត្តរួមមួយ ដើម្បីធានាថា ទីក្រុងនេះ «ត្រូវបានការពារពីការបំផ្លិចបំផ្លាញបន្ថែមទៀត»៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






